សមត្ថកិច្ចរឹបអូសគ្រឿងទេស និងប្រហិតនាំចូលខុសច្បាប់ពីថៃជិត១តោននៅក្រុងតាខ្មៅ
នៅក្នុងប្រតិបត្តិការកាលពីថ្ងៃអង្គារម្សិលមិញ កម្លាំងជំនាញរដ្ឋបាលខេត្តកណ្តាល បានបង្ក្រាបទីតាំងសិប្បកម្មផលិតប្រហិតមួយកន្លែងនៅក្នុងក្រុងតាខ្មៅ ដោយបានរកឃើញ និងដកហូតទំនិញនាំចូលខុសច្បាប់សរុបចំនួន ១៨មុខ ទម្ងន់ជាង ២តោនកន្លះ ក្នុងនោះផលិតផលនាំចូលខុសច្បាប់ពីថៃមានទម្ងន់ជិត ១តោន។ ទំនិញដែលត្រូវបានត្រួតពិនិត្យមានដូចជា ទឹកប៉េងប៉ោះ ម្សៅសូកូឡា ទឹកជ្រលក់ ម្សៅបំពងស្រួយ ទឹកម្ទេសកាដុង ប្រហិតហតដកស្នូលឈីស និងប្រហិតបង្គាបកជាដើម។
យោងតាមរដ្ឋបាលខេត្តកណ្តាល ក្រោយពីបានរកឃើញវត្ថុតាងជាក់ស្តែង កម្លាំងជំនាញបានសម្រេចដកហូតទំនិញទាំងអស់យកទៅរក្សាទុកជាបណ្តោះអាសន្ន។ ដោយឡែក ម្ចាស់ទីតាំងសិប្បកម្មត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនយកទៅសួរនាំភ្លាមៗនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីធ្វើការស៊ើបអង្កេត និងស្វែងរកប្រភពមេខ្លោងដែលផ្គត់ផ្គង់ទំនិញខុសច្បាប់ទាំងនេះបន្តទៀត។ វត្ថុតាងខុសច្បាប់ទាំងអស់ត្រូវបានមន្ត្រីជំនាញចាត់វិធានការតាមនីតិវិធី ដើម្បីការពារសុខភាព និងសុវត្ថិភាពចំណីអាហាររបស់ប្រជាពលរដ្ឋ។
ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានណែនាំឱ្យម្ចាស់អាជីវកម្ម និងអ្នកនាំចូលទំនិញទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការនាំចូល ការស្តុកទុក និងការចែកចាយផលិតផលម្ហូបអាហារ ជាពិសេសត្រូវធានាឱ្យបាននូវគុណភាព សុវត្ថិភាព និងប្រភពច្បាស់លាស់នៃទំនិញ ដើម្បីការពារសុខភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ អ្វីដែលសំខាន់នោះគឺត្រូវបញ្ឈប់ការលក់ និងការនាំចូលទំនិញផ្សេងៗពីប្រទេសថៃតទៅទៀត។
សូមបញ្ជាក់ដែរថា ការចុះពិនិត្យឃ្លាំងទំនិញសង្ស័យមានប្រភពនាំចូលពីថៃជាបន្តបន្ទាប់នេះ គឺអនុវត្តតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ដែលបានបានប្រកាសស្រាវជ្រាវដល់ឫសគល់មន្ត្រីពាក់ព័ន្ធ នាំទំនិញថៃចូលកម្ពុជា។ លើសពីនេះ សម្ដេចតេជោ ក៏បានបញ្ជាទៅអភិបាលរាជធានីភ្នំពេញ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បើកការស៊ើបអង្កេតហើយបន្តពិនិត្យតាមឃ្លាំងសាច់បង្កកធំៗបន្ថែមទៀត៕









