ទូតបេឡារុសជំរុញឱ្យមានជើងហោះហើរត្រង់ កម្ពុជា-បេឡារុស
ភ្នំពេញ៖ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជាបានផ្តួចផ្តើមគំនិតជំរុញឱ្យមានជើងហោះហើរត្រង់ជាមួយគ្នារវាងប្រទេសទាំងពីរ
ខណៈប្រមុខរដ្ឋស្តីទីបានពេញចិត្តចំពោះគំនិតផ្តួចផ្តើមនេះ ដោយជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសបេឡារុស ពង្រឹង ពង្រីកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យការពារជាតិជាមួយគ្នាបន្ថែមទៀត ពីព្រោះប្រទេសទាំងពីរមានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម អ៊ូឡាដ្សីមៀ បារ៉ាវីកូវ ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិកាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបសម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជាថា ក្នុងជំនួបខាងលើឯកឧត្តមឯកអគ្គរដ្ឋទូតបេឡារុស បានលើកឡើងថា កម្ពុជា និងបេឡារុស មានគោលដៅស្រដៀងគ្នា ដូច្នេះហើយប្រទេសទាំងពីរត្រូវតែពង្រឹងនូវទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ឯកឧត្តម ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី គឺមានសក្ដានុពលដែលត្រូវធ្វើជាមួយគ្នាជាច្រើនទៀត ។ នៅក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្រតិបត្តិប្រទេសទាំងពីរ ត្រូវតែជំរុញនូវពាណិជ្ជកម្ម សេដ្ឋកិច្ចជាមួយគ្នាឱ្យមានការកើនឡើង ។បេឡារុស ចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជាផ្នែកគ្រឿងចក្រកសិកម្មត្រាក់ទ័រ រួមជាមួយវិស័យទេសចរផងដែរ ដោយឯកឧត្តមជំរុញឱ្យប្រទេសទាំងពីរមានជើងហោះហើរត្រង់ជាមួយគ្នាដើម្បីឱ្យទំនាក់ទំនងប្រជាជនទាំងពីរកាន់តែមានភាពជិតស្និទ្ធ និងទេសចរទៅវិញទៅមកឱ្យកាន់តែមានការកើនឡើងថែមទៀត។
ឯកឧត្តមឯកអគ្គរដ្ឋទូតបេឡារុស បានរំលេចផងដែរអំពីការបង្កើននូវអាហារូបករណ៍ជាពិសេសការផ្លាស់ប្ដូរនូវនិស្សិតរវាងកម្ពុជា និងបេឡារុសឱ្យមានការកើនឡើង។ឯកឧត្តមក៏ជំរុញបន្ថែមទៀតដែរឱ្យមានការពិភាក្សាគ្នាបន្ថែមទៀតនៅក្នុងក្របខ័ណ្ឌនយោបាយរវាងប្រទេសទាំងពីរ ជាពិសេសក្រសួងការបរទេសប្រទេសទាំងពីរដើម្បីជំរុញនូវទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន ពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតបេឡារុសជាពិសេស ជំពោះគំនិតផ្គួចផ្ដើមជុំវិញការជំរុញទំនាក់ទំនងរវាងកម្ពុជា និងបេឡារុស។ សម្ដេចតេជោក៏ពេញចិត្តចំពោះការជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែមានការកើនឡើងផងដែរ។
សម្ដេចតេជោបានសង្គត់ធ្ងន់ថា ទំនាក់ទំនងស្នូលរវាងកម្ពុជា និងបេឡារុស គឺត្រូវពឹងផ្អែកទៅលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាមួយគ្នា។សម្ដេចសង្ឃឹមថាប្រទេសទាំងពីរ នឹងមានអត្រានៃកំណើនពាណិជ្ជកម្មជាមួយគ្នាកើនឡើង។
សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជា និងបេឡារុស គឺមានលក្ខណៈសេដ្ឋកិច្ចបំពេញឱ្យគ្នាទៅវិញទៅមក ដែលសេដ្ឋកិច្ចបំពេញឱ្យគ្នាទៅវិញទៅមកបែបនេះនឹងផ្ដល់អំណោយផលដល់ការលូតលាស់យ៉ាងឆាប់រហ័សផងដែរ។សម្ដេចសង្ឃឹមថា ប្រទេសទាំងពីរនឹងមានកិច្ចសហប្រតិបត្តិការថែមទៀតទាក់ទងនឹងវិស័យការពារជាតិ និងវិស័យនានា ដែលប្រទេសទាំងពីរអាចធ្វើបានជាមួយគ្នា ក្នុងគោលដៅធ្វើយ៉ាងណាជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែរឹងមាំ ស៊ីជម្រៅ និងកាន់តែយល់គ្នាបន្ថែមទៀត៕






ដោយ៖វណ្ណលុក