កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើន
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល បានវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេស នឹងបន្តទទួលយកនិស្សិតផ្នែកកសិកម្ម ទៅធ្វើកម្មសិក្សា ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិការការងារក្នុងផ្នែកកសិកម្មនៅអ៊ីស្រាអែល ។
នាឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានសន្តិភាព លោកជំទាវ Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ អ៊ីស្រាអែល-កម្ពុជា ។
លោកជំទាវបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីកំពុងស្ថិត ក្នុងទិសដៅវិជ្ជមាន ហើយសក្តានុពលនៃកិច្ចសហប្រតិបត្តិការនេះនឹង បន្តរីកចម្រើនបន្ថែមទៀត។ លោកជំទាវបានសង្កត់ធ្ងន់ថាភាពស្រដៀង គ្នានៃប្រជាសាស្ត្រ ដែលមានយុវជនភាគច្រើនគឺជាកាតាលីករដ៏សំខាន់ សម្រាប់អ៊ីស្រាអែល និងកម្ពុជា ក្នុងការស្វែង រកឱកាសពង្រីកកិច្ចសហ ប្រតិបត្តិការក្នុងវិស័យជាច្រើនបន្ថែមទៀតនាពេលអនាគត។
ជាមួយគ្នានេះ លោកជំទាវ ក៏បានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិ ការទ្វេភាគី ដែលមានស្រាប់ ឱ្យកាន់តែរឹងមាំ រួមមានការបន្តទទួលយក និស្សិតផ្នែកកសិកម្ម ទៅធ្វើកម្មសិក្សា ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិ ការការងារ ក្នុងផ្នែកកសិកម្ម នៅអ៊ីស្រាអែល ។ បន្ថែមលើនេះ លោកជំទាវក៏នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រផងដែរ ។
ជាការឆ្លើយតបសម្ដេចធិបតី ក៏បានសម្ដែងនូវការអបអរសាទរចំពោះ លោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំ កម្ពុជា។ សម្ដេចធិបតី បានសម្តែងការពេញចិត្តចំពោះកិច្ចសហ ប្រតិបត្តិការកន្លងមករវាង កម្ពុជា និងអ៊ីស្រាអែល ព្រមទាំងបាន ឯកភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ សក្តានុពល ជាច្រើនបន្ថែមទៀត ។
ទន្ទឹមនឹងនេះ សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តគាំទ្រ យ៉ាងពេញលេញ ដល់កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ និងជំរុញ ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការ លើវិស័យសក្តានុពលផ្សេងៗ ជាច្រើនទៀត ។
សម្ដេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ក៏បានពិភាក្សា គ្នាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យ សំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម និងការវិនិយោគ, កសិកម្ម និងការ គ្រប់គ្រងធនធានទឹក, វិស័យអប់រំ, បច្ចេកវិទ្យា និងវិស័យសុខា ភិបាល ព្រមទាំងជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យ ឯកជន រវាងកម្ពុជា និងអ៊ីស្រាអែល ផងដែរ ។
សូមបញ្ជាក់ថា កម្ពុជា-អ៊ីស្រាអែល បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា ក្នុងឆ្នាំ១៩៥៨ និងបានបញ្ចប់នៅឆ្នាំ១៩៧៥ ក្រោយពេលដែលខ្មែរក្រហម ដឹកនាំប្រទេស ។ ទោះជាយ៉ាងណាទំនាក់ទំនងនេះ បានបង្កើតឡើងវិញនៅឆ្នាំ១៩៩៣ ដោយផ្តោតសំខាន់លើការផ្ទេរ ចំណេះដឹងបច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស ។ គិតចាប់តាំងពីឆ្នាំ២០០៨មក កម្ពុជា បានបញ្ជូននិស្សិតកសិកម្មរាប់ពាន់នាក់ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីសិក្សា និងអនុវត្តការងារផ្ទាល់លើវិស័យកសិកម្ម ។
បើតាមអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា, បច្ចុប្បន្នមានពលរដ្ឋខ្មែរបាន និងកំពុងរស់នៅ ឬរៀនសូត្រនៅក្នុងប្រទេសមួយចំនួននៅតំបន់ដើមបូព៌ា ។ ជាក់ស្តែងនិស្សិតខ្មែរប្រមាណ ២៣៩នាក់ កំពុងសិក្សារៀនសូត្រនៅប្រទេសអ៊ីស្រាអែល ៕






ដោយ៖វណ្ណលុក