លោក ត្រាំ គំរាមបញ្ចប់ការចរចាភ្លាមៗ បើសិន អ៊ីរ៉ង់ ហ៊ានយកលុយពីនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានព្រមានធ្ងន់ៗកាលពីថ្ងៃ ពុធ ថា ការចរចាការទូតជាមួយអ៊ីរ៉ង់ នឹងបញ្ចប់ភ្លាមៗ ប្រសិនបើទីក្រុងតេហេរ៉ង់ព្យាយាមប្រមូលថ្លៃសេវាឆ្លងកាត់ពីនាវា ដែលធ្វើចរាចរណ៍តាមផ្លូវទឹកនៅច្រកសមុទ្រ Hormuz ។
ប៉ុន្តែលោក Trump បានអះអាងថា មន្ត្រីអ៊ីរ៉ង់បានធានាដល់សហរដ្ឋអាមេរិកថា នឹងមិនមានការយកថ្លៃឆ្លងកាត់ គ្មានការចំណាយធានារ៉ាប់រង និងគ្មានការគិតថ្លៃផ្សេងទៀតឡើយ ពីនាវាដឹកទំនិញនានាឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ ។
ប្រធានាធិបតីអាមេរិករូបនេះ បានបង្ហោះសារលើ Truth Social ថា ប្រសិនបើនេះជាព័ត៌មានមិនពិត នោះការចរចា នឹងបញ្ចប់ភ្លាមមួយរំពេច ។ ជាមួយគ្នានេះ លោក Trump ថែមទាំងបានបញ្ជាក់ម្តងទៀតថា គ្មានសាច់ប្រាក់ណាមួយ នឹងត្រូវបានផ្តល់ដោយផ្ទាល់ទៅឲ្យទីក្រុងតេអេរ៉ង់នោះទេ ។
បើតាម Anadolu, ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។
ការបិទខ្ទប់នេះ បានបង្កការរំខានដល់ផ្លូវដឹកជញ្ជូនសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធថាមពល និងជំរុញឱ្យតម្លៃប្រេង ឧស្ម័ន និងប្រេងឥន្ធនៈកើនឡើងយ៉ាងគំហុក ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

