រដ្ឋមន្ត្រីទេសចរណ៍ស្នើក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិបង្កើតព្រឹត្តិការណ៍ជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលពហុកីឡដ្ឋានជាតិ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការលើកម្ពស់កិច្ចសហប្រតិបត្តិការរវាងពហុកីឡដ្ឋានជាតិ និងក្រសួងទេសចរណ៍ ដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា កាលពីថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា វិស័យទេសចរណ៍ដែលត្រូវបានចាត់ជា «មាសបៃតង» ជាវិស័យអាទិភាពសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងសង្គម ដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមអាណត្តិដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់, ដោយបានរួមចំណែកក្នុងផលិតផលក្នុងស្រុក សរុបប្រមាណ ៩,៨% ក្នុងឆ្នាំ២០២៥ និងផ្តល់ឱកាសការងារយ៉ាងច្រើនដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់នូវយុទ្ធនាការ “ទស្សនាកម្ពុជានៅរដូវកាលបៃតង” មានចក្ខុវិស័យសំខាន់ៗចំនួន ៣៖ គឺ ទី១) ការបង្កើនភាពទាក់ទាញទេសចរអន្តរជាតិ ទី២) ជំរុញចលនាទេសចរណ៍ក្នុងស្រុក និង ទី៣) ពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើន ជាពិសេសបំពេញបន្ថែមចរន្តទេសចរក្នុងរដូវកាលបៃតង ពីខែឧសភា ដល់ខែតុលា។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរតែឈ្មោះរដូវកាល ពិតជាពុំធ្វើឱ្យរដូវកាលបៃតង ទទួលបាននូវលទ្ធផលប្រកបដោយភាពវិជ្ជមាននោះទេ ប្រសិនបើមិនមានការដាក់ចេញនូវផែនការយុទ្ធសាស្ត្រច្បាស់លាស់, ការចាត់តាំងការអនុវត្តឱ្យបានត្រឹមត្រូវ, ព្រមទាំងមានយន្តការតាមដាន ត្រួតពិនិត្យ និងការវាយតម្លៃលទ្ធផលការងារ (M&E)ផងដែរ។ ម៉្យាងទៀត, សមិទ្ធផលដែលសម្រេចបានកន្លងមក ពិតជាបានឆ្លុះបញ្ចាំងអំពីភាពបុរេសកម្ម, សកម្ម និងអន្តរសកម្មរវាងសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការចំនួន ៦ ដែលក្រសួងទេសចរណ៍បានដាក់ចេញ រួមមានកិច្ចសហប្រតិបត្តិការនៅថ្នាក់ជាតិ ជាមួយអន្តរក្រសួង ស្ថាប័ន, ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសគណៈអភិបាលរាជធានីភ្នំពេញ និងខេត្ត ទាំង២៤, វិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក, ជាមួយស្ថានឯកអគ្គរដ្ឋទូត/ស្ថានឯកអគ្គរាជទូតបរទេសប្រចាំនៅកម្ពុជា, ដៃគូអភិវឌ្ឍ, ស្ថានឯកអគ្គរាជទូតកម្ពុជា/ស្ថានកុងស៊ុលកម្ពុជា ប្រចាំនៅបរទេស, កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅគ្រប់កម្រិត, ជាមួយបណ្តាញសារព័ត៌មាន, ពិធីករ, សិល្បៈករ, អ្នកផលិតមាតិកាព័ត៌មាន ( Influencers, KOL), និងការចូលរួមពីបុគ្គលម្នាក់ៗ។

ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមានការលើកលែងទិដ្ឋាការដល់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសផ្សេងទៀតក៏ដោយ ឱ្យតែកាន់លិខិតឆ្លងដែន PRC ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យកាន់តែច្រើននិងទាញប្រយោជន៍សេដ្ឋកិច្ចឱ្យបានច្រើនជាអតិបរមា។ រយៈពេលសាកល្បងនេះ អនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៦ (អំឡុងពេលរដូវកាលបៃតង)។ ភ្ញៀវចិនអាចស្នាក់នៅរយៈពេល ១៤ ថ្ងៃ ដោយភ្ញៀវចិន មកកម្ពុជា ប៉ុន្មានលើកក៏បាន (Multiple Entries) និងពុំតម្រូវឱ្យមានពាក្យស្នើសុំ និង ពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival Card។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង (ពីខែឧសភា ដល់ខែតុលា) និងជំរុញចរន្តទេសចរណ៍ក្នុងស្រុក ដោយស្នើសុំពហុកីឡាដ្ឋានជាតិ និងបុគ្គលិក ដែលមានការរៀបចំជាដំណើរកម្សាន្ត និង ព្រឹត្តិការណ៍នានាក្នុងអំឡុងពេលនេះ ពោលគឺក្រសួងទេសចរណ៍ និងវិស័យឯកជន បានសហការក្នុងការរៀបចំជាការសម្រួលថ្លៃពិសេសដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ក្នុងអំឡុងពេលរដូវកាលបៃតង (សណ្ឋាគារ, ភោជនីយដ្ឋាន,មធ្យោបាយធ្វើដំណើរ, ព្រមទាំងជួយផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា តាមរយៈទស្សនាទាន៖ បុគ្គលម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់!៕

ដោយ ជាវ ចន្ធូ

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner