សម្តេចតេជោ៖ មានតែការរួបរួមគ្នាធ្វើឱ្យកម្ពុជាមានកម្លាំងខ្លាំង ទាំងខាងសេដ្ឋកិច្ច យោធា និងនយោបាយ ទើបយើងអាចការពារអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងអត្តសញ្ញាណរបស់ជាតិបាន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការពិតជាក់ស្តែងរយៈពេលជាង៤៧ឆ្នាំ មកនេះ បានបង្ហាញថា មិនថាស្ថិតក្នុងកាលៈទេសៈ និងស្ថានភាពណាឡើយ គណបក្សប្រជាជនកម្ពុជាតែងតែឈរយ៉ាងរឹងមាំលើជំហររបស់ខ្លួន និងរក្សាខ្ជាប់នូវភាពត្រឹមត្រូវខាងនយោបាយ។ ជាមួយគ្នានេះ ការផ្សារភ្ជាប់រវាងគណបក្សជាមួយប្រជាជនបានចាក់គ្រឹះនៅក្នុងដំណើរជាតិ គ្មានអ្វីអាចមកបំផ្លាញបានឡើយ ហើយដែលជាកត្តាសារវន្តនៃរាល់ជ័យជម្នះរបស់ជាតិ។ ប្រាកដណាស់ថា លើមាគ៌ាឆ្ពោះទៅមុខ យើងនៅតែត្រូវប្រឈមជាមួយការលំបាក និងឧបសគ្គធំៗជាច្រើនទៀត ដែលបណ្តាលមកពីកត្តាខាងក្នុងផង និងពីកត្តាខាងក្រៅផង ជាពិសេសពីកត្តាខាងក្រៅដែលយើងមិនអាចប៉ាន់ស្មានបាន។ ការបញ្ជាក់របស់សម្តេចតេជោ ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។

សម្តេចតេជោបានបញ្ជាក់ទៀតថា ម្យ៉ាងទៀត មេរៀនដែលយើងទទួលបានពីសភាពការណ៍ឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ នេះ បានបញ្ជាក់ឱ្យយើងយល់ច្បាស់ថា មានតែការរួបរួមគ្នាខិតខំធ្វើឱ្យកម្ពុជាមានកម្លាំងខ្លាំង ទាំងខាងសេដ្ឋកិច្ច ទាំងខាងយោធា និងនយោបាយ ប៉ុណ្ណោះ ទើបយើងអាចការពារអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងអត្តសញ្ញាណរបស់ជាតិបាន។ ដោយសម្តេចតេជោបានសង្កត់ធ្ងន់ថា គ្មានអ្នកណាផ្តល់សន្តិភាពមកឱ្យយើងទេ សន្តិភាពកើតឡើងពីការប្រឹងប្រែងរបស់យើង និងត្រូវតែការពារឱ្យបានជា ដាច់ខាត ដោយកម្លាំងរបស់យើង៕
ដោយ៖ពលជ័យ

ads banner