ប្រេងអ៊ីរ៉ង់លក់បានថ្លៃជាងមុន ក្រោយអាមេរិកដកទណ្ឌកម្ម

តេហេរ៉ង់ ៖ តម្លៃប្រេងរបស់អ៊ីរ៉ង់បានកើនឡើង ២០% បន្ទាប់ពីការព្យួរទណ្ឌកម្មរបស់សហរដ្ឋអាមេរិក នេះបើតាមការអះអាងរបស់ប្រធានសភា ប្រទេសមួយនេះ។

ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បាននិយាយ កាលពីថ្ងៃអង្គារថា ប្រទេសអ៊ីរ៉ង់បានដំឡើងតម្លៃនាំចេញថាមពល របស់ខ្លួន ២០% បន្ទាប់ពី ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើការលក់ប្រេងរបស់ខ្លួន ត្រូវបានផ្អាក។

លោក Ghalibaf បានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា «អ្នកខ្លះ និយាយថា ការដកទណ្ឌកម្ម គឺជាការសន្យា ដែលនឹងមិនត្រូវបានអនុវត្ត។ តែ ទោះបីជាយ៉ាងណាក៏ដោយ ទណ្ឌកម្ម ពិតជាត្រូវបានដកចេញ ហើយឥឡូវនេះ ប្រេងអ៊ីរ៉ង់កំពុងជួញដូរ ក្នុងតម្លៃខ្ពស់ជាង ២០% ខណៈដែលប្រាក់ចំណូលពីប្រេង កំពុងត្រូវបានផ្ទេរទៅគណនីពាក់ព័ន្ធ» ។ យ៉ាងណា លោកមិនបញ្ជាក់លម្អិត អំពីតម្លៃប្រេង ដែលឡើងថ្លៃនេះទេ។

បើតាម Tass, កាលពីថ្ងៃទី២២ ខែមិថុនា ការិយាល័យ រតនាគារសហរដ្ឋអាមេរិក ទទួលបន្ទុកការគ្រប់គ្រងទ្រព្យសម្បត្តិបរទេស ហៅកាត់ OFAC បានចេញអាជ្ញាប័ណ្ណទូទៅ ដែលអនុញ្ញាតប្រតិបត្តិការទាក់ទងនឹងការផលិត, ការលក់, ការដឹកជញ្ជូនប្រេងអ៊ីរ៉ង់។

ជាការកត់សម្គាល់ MOU ១៤ ចំណុច រវាងគូជម្លោះទាំងពីរ ក៏បានចែងអំពីចំណុច ដែលអាមេរិកត្រូវដកទណ្ឌកម្មប្រេង របស់អ៊ីរ៉ង់ ហើយ ក៏បញ្ឈប់ការបិទផ្លូវទឹក នៅកំពង់ផែរបស់ទីក្រុងតេហេរ៉ង់ផងដែរ៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner