ក្រសួងសេដ្ឋកិច្ច៖ បញ្ឈប់ការផ្តល់រង្វាន់លើគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករត្រឹមថ្ងៃទី៣០ កញ្ញា

ភ្នំពេញ៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការដាច់ខាតដោយបញ្ជាឱ្យបញ្ឈប់ទាំងស្រុងនូវការផ្តល់ ឬការប្តូររង្វាន់ នៅលើផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទនិងភេសជ្ជៈមានជាតិស្ករតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខជាកំហិត។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ដើម្បីអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល។ វិធានការនេះតម្រូវឱ្យម្ចាស់សហគ្រាសផលិត នាំចូល និងចែកចាយផលិតផល​គ្រឿងស្រវឹង ព្រមទាំងភេសជ្ជៈមានជាតិស្ករទាំងអស់អនុវត្តតាមការណែនាំសំខាន់ៗមួយចំនួន។

ក្នុងសេចក្តីណែនាំចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ជាវិធានការដាច់ខាត ក្រសួងតម្រូវឱ្យបញ្ឈប់ទាំងស្រុងរាល់ការផ្តល់ ឬប្តូរ​ជារង្វាន់តាមរយៈក្រវិលកំប៉ុង, គម្របដប ឬទម្រង់​ផ្សេងៗ​ទៀត ដូចជាការចាប់ឆ្នោត កាតកោស គូប៉ុង និងកម្មវិធីរង្វាន់ឌីជីថល ជាដើម ដោយត្រូវបញ្ចប់ឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ទន្ទឹមនឹងនេះ ការចែកចាយ ឬផ្តល់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករដោយឥតគិតថ្លៃ ក៏មិនត្រូវ​បានអនុញ្ញាត​ឡើយ។

បើតាមក្រសួងសេដ្ឋកិច្ច ចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះតទៅ គ្រប់សហគ្រាសនិងអ្នកចែកចាយបន្ត ត្រូវបញ្ឈប់ការបញ្ជាទិញ នាំចូល ឬផលិតថ្មីនូវសំបកវេចខ្ចប់ដែលមានរង្វាន់ទាំងនោះ។

ទោះជាយ៉ាងណា ក្រសួងសេដ្ឋកិច្ចនៅតែអនុញ្ញាតឱ្យមានការលក់តាមរយៈការបញ្ចុះតម្លៃពាណិជ្ជកម្ម  ក្នុងកម្រិតមិនលើសពី ១៥ភាគរយនៃតម្លៃលើវិក្កយបត្រ។ ចំពោះផលិតផលជិតផុតសុពលភាព ដែលមានអាយុកាលមិនលើសពី ៦០ថ្ងៃ មុនថ្ងៃ​ផុតកំណត់ អាចបញ្ចុះតម្លៃបានរហូតដល់ ២៥ភាគរយ ប៉ុន្តែត្រូវជូនដំណឹងទៅអគ្គនាយកដ្ឋានពន្ធដារជាមុន។

ក្រៅពីនេះក្រុមហ៊ុនអាចលក់ដោយមានបន្ថែមអត្ថប្រយោជន៍ជាទំនិញ ឬសេវាកម្មផ្សេងៗដែលមិនមែនជាគ្រឿងស្រវឹង ឬ​​ភេសជ្ជៈមានជាតិស្ករ ដូចជា កែវ ឆត្រ ធុងទឹកកក អាវ មួក ឬកញ្ចប់ដំណើរកម្សាន្ត ដែលមានតម្លៃសរុបមិនលើសពី ៥ភាគរយនៃតម្លៃលក់លើវិក្កយបត្រ។

គួរជម្រាបថា កាលពីថ្ងៃទី៤ ខែឧសភាកន្លងទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានជូនដំណឹងរួចម្តងហើយ​ដោយបញ្ជាក់ថា​រាជ​រដ្ឋាភិបាលសម្រេចហាមឃាត់ការផ្ដល់រង្វាន់តាមរយ:ក្រវិលកំប៉ុងលើភេសជ្ជៈមានជាតិស្ករ ភេសជ្ជៈប៉ូវកម្លាំង និងផលិតផល​គ្រឿងស្រវឹងគ្រប់ប្រភេទចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦តទៅ៕

ដោយ៖ទួន សុផល

ads banner