សម្តេចធិបតី៖ បើប្រឹង ឱកាសជោគជ័យមិនស្មើសូន្យឡើយ!
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រសិនបើយើងកើតមកក្នុងគ្រួសារក្រីក្រ ហើយរវល់តែតូចចិត្តនឹងវាសនា ហើយគ្មានការតស៊ូនោះ ជីវិតយើងនឹងគ្មានពេលប្រែនោះទេ ។ប៉ុន្តែបើប្រឹងតស៊ូនោះភាពនៃជោគជ័យ គឺមិនសូន្យទេ ។
ក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិតនៅទីនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងកើតមកក្នុងគ្រួសារក្រីក្រ សូមកុំរវល់តែតវ៉ានឹងព្រហ្មលិខិត ។យើងមិនដឹងថាព្រហ្មលិខិតចារយ៉ាងម៉េចទេ, គ្មាននរណាដឹងទេ, សូម្បីតែគ្រូទាយ ក៏អត់ដឹងខ្លួនឯងដែរ ។
សម្ដេចធិបតីបញ្ជាក់ថា អត់មានអ្នកណាដឹងថា ទៅថ្ងៃមុខយ៉ាងម៉េចទេ ប៉ុន្តែអ្វីដែលយើង អាចទាយបាន បើយើងមិនប្រឹង គឺយើងអត់ជោគជ័យ ។តែបើយើងប្រឹងភាពនៃជោគជ័យ អត់សូន្យទេ ហើយបើយើងប្រឹងមិនបោះបង់ ភាពជោគជ័យ នឹងមានកម្រិតខ្ពស់ ។
សម្ដេចធិបតីបានលើកទឹកចិត្តដល់សិស្ស និស្សិត ដោយបង្ហាញនូវសកម្មភាពដែលត្រូវពុះពារថា គម្លាតនៃជីវភាព ជួនកាលយើងមិនអាចតវ៉ាបានទេ ព្រោះបើយើងកើតនៅក្នុងគ្រួសារដែលមានជីវភាពទាបជាមួយអ្នកមានជីវភាពខ្ពស់ជាងយើង ប៉ុន្ដែការខិតខំប្រឹងប្រែងរបស់ប្អូនៗ ក្មួយៗ នឹងធ្វើឱ្យមានការខុសគ្នានៅក្នុងរយៈពេល២០ឆ្នាំ ។
គម្លាតខួរក្បាលមនុស្សឱ្យតែមានឱកាស មិនប្រាកដថាកូនអ្នកមាននៅភ្នំពេញ រៀនពូកែជាងកូនអ្នកមានជីវភាពមិនល្អនៅខេត្តព្រះសីហនុ ឬ ខេត្តរតនគិរីនោះទេ។សម្ដេចធិបតីបានបង្ហាញឧទាហរណ៍ជាក់ស្ដែងថា ការប្រឡងសិស្សជាប់និទ្ទេស A ក៏មានកូនអ្នកខេត្ត ប្រឡងឈ្នះកូនអ្នកភ្នំពេញដែរ ។
លោកស្រី ដេប៉ាលីយែរ លក្ខិណា អគ្គនាយិកាគ្រប់គ្រងទូទៅនៃអង្គការ PSE បានឱ្យដឹងថា សម្រាប់ឆ្នាំសិក្សា ២០២១–២០២៤ និស្សិតជ័យលាភីចូលរួមជាង ៥០០នាក់ (ស្រី៣១៩ នាក់) ក្នុងកម្រិតបរិញ្ញាបត្របច្ចេកទេស សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (C3)។ ១០០% នៃនិស្សិតជ័យលាភី ដែលមានវត្តមានថ្ងៃនេះ មានការងារធ្វើ និង ៨៨% ទទួលបានប្រាក់ចំណូលច្រើនជាង ២៥០ដុល្លារក្នុងមួយខែ។ ក្នុងនោះ ១% បម្រើការក្នុងវិស័យសាធារណៈ, ៥% បើកអាជីវកម្មផ្ទាល់ខ្លួន និង ៩៤% បម្រើការក្នុងវិស័យឯកជននានា ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤ ៕






ដោយ៖វណ្ណលុក