កម្ពុជា ប្ដឹងទៅហ្វីលីពីនជុំវិញករណីកងកម្លាំង និងAOT ថៃចូលដែនអធិបតេយ្យភាពខ្មែរនៅតំបន់ប្រាសាទខ្នារ
ភ្នំពេញ៖អគ្គមេបញ្ជាការកម្ពុជា បានប្តឹងទៅកាន់អគ្គសេនាធិការកងទ័ពហ្វីលីពីនអំពីទង្វើមិនសមរម្យរបស់ភាគីថៃ ដែលបានដឹកនាំ ក្រុមអ្នកសង្កេតការអាស៊ាន AOT ប្រចាំប្រទេសថៃ រំលោភចូលតំបន់ប្រាសាទខ្នារទឹកដីកម្ពុជាដោយគ្មានការជូនដំណឹង។
ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានផ្ញើលិខិតផ្លូវការមួយច្បាប់ទៅកាន់ឯកឧត្តមនាយឧត្តមសេនីយ៍ ROMEO S. BRAWNER JR អគ្គសេនាធិការកងទ័ពហ្វីលីពីនកាលពីថ្ងៃទី ៣០ មិថុនា ដើម្បីប្តឹងនិងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំប្រទេសថៃ ដែលបានរំលោភចូលដែនអធិបតេយ្យភាពរបស់កម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។
យោងតាមលិខិតផ្លូវការឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា ព្រឹត្តិការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែមិថុនា ដោយសមាជិកក្រុម AOT ប្រចាំប្រទេសថៃ អមដោយកងកម្លាំងប្រដាប់អាវុធថៃ បានឆ្លងចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់ជិតប្រាសាទខ្នារ ស្ថិតក្នុងភូមិខ្នារ ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីធ្វើសកម្មភាពដាំកូនឈើដោយគ្មានការជូនដំណឹងជាមុន ឬមានការសហការជាមួយភាគីកម្ពុជានៅកម្រិតណាមួយឡើយ។
ឯកឧត្តមអគ្គមេបញ្ជាការបានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទតែងតែអនុវត្តរាល់សកម្មភាពសង្កេតការណ៍របស់ក្រុម AOT ដោយបានជូនដំណឹងទៅភាគីថៃយ៉ាងម៉ឺងម៉ាត់នៅគ្រប់កម្រិតពាក់ព័ន្ធ។ ជាមួយគ្នានោះ ភាគីកម្ពុក៏បានបញ្ជាក់ជាបន្តបន្ទាប់យ៉ាងច្បាស់ថា តំបន់ប្រាសាទខ្នារនេះ គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដូចមានបង្ហាញក្នុងផែនទីភ្ជាប់ជាឧបសម្ព័ន្ធ “ខ” ប៉ុន្តែក្រុម AOT ប្រចាំប្រទេសថៃ និងកងកម្លាំងប្រដាប់អាវុធ នៅតែបន្តចូលមកដោយមិនបានសុំការយល់ព្រម។
កងយោធពលខេមរភូមិន្ទចាត់ទុកថា សកម្មភាពឯកតោភាគីទាំងនេះ គឺមិនស្របនឹងគោលការណ៍អព្យាក្រឹតភាព ការកសាងទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើតយន្តការក្រុម AOT នោះឡើយ។ រាល់សកម្មភាពដែលធ្វើឡើងហួសពីដែនសមត្ថិកិច្ចដែលបានឯកភាពគ្នា ជាពិសេសនៅតំបន់ព្រំដែន អាចបង្កហានិភ័យដល់ការបំផ្លាញទំនុកចិត្តដែលភាគីទាំងពីរបានខិតខំកសាងយ៉ាងលំបាក និងអាចប៉ះពាល់ជាអវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
ក្នុងគោលបំណងរក្សាទំនុកចិត្ត និងសុចរិតភាពនៃយន្តការ AOT , ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្នើសុំការគាំទ្រពីអគ្គសេនាធិការកងទ័ពហ្វីលីពីន ក្នុងការពិនិត្យឡើងវិញចំពោះសកម្មភាពខាងលើ និងធានាថា នាយទាហាននៃក្រុម AOT ទាំងអស់ត្រូវគោរពយ៉ាងម៉ឺងម៉ាត់តាមលក្ខខណ្ឌយោង (TOR) ដែលបានឯកភាពគ្នា ព្រមទាំងរក្សាអព្យាក្រឹតភាពក្នុងបេសកកម្ម។
ទោះជាមានបញ្ហានេះកើតឡើងក៏ដោយ ឯកឧត្តម វង្ស ពិសេន បានគូសបញ្ជាក់ថា កងយោធពលខេមរភូមិន្ទនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកងទ័ពហ្វីលីពីន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសន្ទនាប្រកបដោយភាពវិជ្ជមានរវាងកម្ពុជា និងថៃ៕








ដោយ៖ ទួន សុផល