ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបភាពបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន” កម្រិតអគ្គលេខាធិការ អគ្គនាយក និងអគ្គាធិការ សរុបចំនួន ១២២រូប មកពី ៣០ក្រសួង ស្ថាប័ន នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា នៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ការធ្វើបរិវត្តកម្មឌីជីថល អាចទទួលជោគជ័យទៅបានអាស្រ័យដោយមានកត្តារួមផ្សំជាច្រើន ទាំងផ្នែកគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិ និងធនធានមនុស្ស ហើយក៏ទាមទារឱ្យមានការផ្លាស់ប្តូររបៀបធ្វើការនិងរបៀបគិត (Change Management) និងការប្តេជ្ញាចិត្តខ្ពស់ (Commitment)។ ក.ប.ទ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បាននិងកំពុងអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ក្នុងនោះថ្នាល verify.gov.kh គឺជាថ្នាលដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសម្រិតសម្រាំងប្រធានបទឱ្យស្របទៅនឹងនិន្នាការនៃការវិវត្តដ៏ឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ជាពិសេសបញ្ញាសិប្បនិម្មិត ដោយមានការបណ្តុះបណ្តាលនិងចែករំលែកពីសាស្រ្តាចារ្យអន្តរជាតិល្បីៗ មន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញបច្ចេកវិទ្យាឌីជីថលរបស់ក្រសួង៕









ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា