ផ្ទះស្នាក់បណ្តោះអាសន្នជនភៀសសឹកនៅព្រះវិហារ និងបន្ទាយមានជ័យ កើនដល់ បួនពាន់ខ្នង
ភ្នំពេញ៖រដ្ឋាភិបាលបានសាងសង់ផ្ទះបណ្តោះអាសន្នជូនពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ និងបន្ទាយមានជ័យ បានកើនឡើងដល់ជាងបួនពាន់ខ្នង ដែលអាចផ្តល់ជម្រកជូនពលរដ្ឋបានប្រមាណបួនពាន់គ្រួសារ។
យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងមហាផ្ទៃគិតត្រឹមថ្ងៃទី ២ ខែកក្កដានេះ មានប្រជាពលរដ្ឋខ្មែរជាង ២១.000 ពាន់នាក់ ក្នុងនោះមានកុមាររហូតដល់ទៅ ៦ ម៉ឺនាក់ពុំទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបាននៅឡើយទេ។
ដើម្បីឆ្លើយតបនឹងវិបត្តិចំពោះមុខនេះ ផ្ទះស្នាក់នៅបណ្តោះអាសន្នដែលសាងសង់តាមស្តង់ដារបច្ចេកទេសរឹងមាំបានកើនឡើងដល់ប្រមាណបួនពាន់ខ្នងហើយសម្រាប់ផ្តល់ជម្រកដល់ពលរដ្ឋបួនពាន់គ្រួសារ។ក្នុងនោះខេត្តបន្ទាយមានជ័យមានចំនួនជាង ៣.៣០០គ្រួសារ និងខេត្តព្រះវិហារមានជិត ៧០០គ្រួសារ។
លោក លី សុវណ្ណារិទ្ធ អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យថា នៅក្នុងខេត្តបន្ទាយមានជ័យ ផ្ទះស្នាក់នៅជាង ៣.៣០០ ខ្នងត្រូវបានរៀបចំឡើងនៅក្នុងស្រុកថ្មពួក និងស្រុកអូរជ្រៅ ដែលតំបន់នេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីប្រសិទ្ធនាមឱ្យថា «ភូមិរង់ចាំ»។ បច្ចុប្បន្នអាជ្ញាធរក៏កំពុងពន្លឿនការសាងសង់សាលារៀនបន្ថែមផងដែរ។
ចំណែកខេត្តព្រះវិហារលោក គឹម ចាន់បញ្ញា អភិបាលរងខេត្តបានឱ្យដឹងថា ការសាងសង់ផ្ទះជូនជនភៀសសឹកបានកើនឡើងដល់ជិត ៧០០ខ្នងផ្ទះ ។តួលេខនេះស្មើនឹងចំនួនប្រជាជនភៀសសឹកដូចគ្នា។ ផ្ទះស្នាក់បណ្តោះអាសន្នជនភៀសសឹកនៅខេត្តព្រះវិហារ ត្រូវបានហៅថា ភូមិតាកឹងបៃតង ស្ថិតនៅក្នុងឃុំថ្មី ស្រុកគូលែន។
អាជ្ញាធរបានបញ្ជាក់ថា ភូមិទាំងពីរនេះរៀបចំឡើងសម្រាប់តែពលរដ្ឋភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានដើមវិញបាន ក្រោយពេលយោធាថៃបានឈ្លានពាន ដោយដាក់ទូកុងតឺន័រ និងរាយបន្លាលួសបិទផ្លូវចូលភូមិ។
បើតាមរដ្ឋបាលខេត្តទាំងពីរបច្ចុប្បន្នពលរដ្ឋភៀសសឹកអាចដាំដុះ និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបាន។ ជាមួយគ្នានេះ លោក លី សុវណ្ណារិទ្ធ អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបន្ថែមថា អាជ្ញាធរ ក៏កំពុងសាងសង់សាលារៀននៅក្នុងតំបន់ស្នាក់នៅផងដែរ៕
ដោយ៖ទួន សុផល


















