លោក ត្រាំ ស្នើជួយលោក ពូទីន បញ្ចប់សង្គ្រាម អ៊ុយក្រែន
មូស្គូ ៖ ជំនួយការវិមានក្រឹមឡាំង លោក យូរី អ៊ូសាកូវ និយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ស្នើជួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមអ៊ុយក្រែន ។
លោក ត្រាំ បានស្នើបែបនេះ នៅពេលនិយាយទូរស័ព្ទជិត ៩០នាទី កាលពីថ្ងៃ សៅរ៍ ជាមួយលោក ពូទីន ដើម្បីពិភាក្សាពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន មុនពេលកិច្ចប្រជុំកំពូលអង្គការណាតូ ចាប់ផ្តើមនៅក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី ។
បើតាម Aljazeera, មេដឹកនាំរដ្ឋមកពី ៣២ ប្រទេស រួមទាំងលោក ដូណាល់ ត្រាំ ត្រូវបានរំពឹងថា នឹងអញ្ជើញទៅដល់ទីក្រុងអង់ការ៉ា ចាប់ពីថ្ងៃ អង្គារ សប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ និង ៨ ខែកក្កដា ។
ជំនួយការវិមានក្រឹមឡាំង បានបញ្ជាក់ថា លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ជាថ្មីម្តងទៀតអំពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការងារឆ្ពោះទៅរកការបញ្ចប់ការប្រយុទ្ធគ្នាឱ្យបានឆាប់រហ័ស និងស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមួយនេះ ។
លោក អ៊ូសាកូវ ដែលបានពិពណ៌នាការនិយាយទូរស័ព្ទរវាងមេដឹកនាំទាំងពីរ ជាលក្ខណៈការងារផ្លូវការ និងមានភាពស្ថាបនាខ្ពស់នោះ បានសង្កត់ធ្ងន់ថា រុស្ស៊ីកំពុងស្វែងរកដំណោះស្រាយនយោបាយ និងការទូតចំពោះជម្លោះមួយនេះ ដោយផ្អែកលើការគិតគូរយ៉ាងម៉ត់ចត់ពីគោលជំហរជាមូលដ្ឋានរបស់រុស្ស៊ី ។
គួរបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមអ៊ុយក្រែនរបស់ទីក្រុងវ៉ាស៊ីនតោន បានជាប់គាំងអស់ប៉ុន្មានខែ ពីព្រោះសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាប់ដៃព្រួតធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ៕
ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា
