កម្ពុជា ចូលរួម ជាមួយ ប្រទេស ជាង ១៧០ ដើម្បី កំណត់ទិសដៅ អភិបាលកិច្ចបញ្ញាសិប្បនិម្មិត សាកល

ហ្សឺណែវ៖ នា ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៦ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យ ឌីជីថល និង តំណាងមក ពី ១៧០ប្រទេស និង អង្គការ អន្តរជាតិនានា ប្រមាណ ៤០០០នាក់ បាន ជួបជុំគ្នា ក្នុង “ពិធីសម្ពោធ កិច្ចសន្ទនាសកលស្ដីពីអភិបាលកិច្ច បញ្ញាសិប្បនិម្មិត”។ តបតាមការ អញ្ជើញរបស់ ឯកឧត្ដម Antonio Gutierres អគ្គលេខាធិការ អង្គការ សហប្រជាជាតិ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាន អញ្ជើញ ជា តំណាង ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុង កិច្ចពិភាក្សា ដ៏មានសារៈសំខាន់នេះ ដែល ប្រព្រឹត្ត ទៅក្រោមអធិបតីភាព ឯកឧត្ដម អគ្គលេខាធិការ អង្គការ សហប្រជាជាតិ និង តំណាង ប្រទេស អែលសាលវ៉ាដ័រ និង អេស្តូនីជា សហប្រធាន។

បញ្ញាសិប្បនិម្មិត មាន សក្ដានុពល ធំធេង ក្នុង ការ ជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម តែក៏នាំមកនូវ ហានិភ័យ ជាច្រើនផងដែរ។ គណៈវិទ្យាសាស្ត្រ ឯករាជ្យ អន្តរជាតិលើ បញ្ញាសិប្បនិម្មិត ដែល មាន សមាជិក ៤០រូប ជា អ្នក ជំនាញ មកពីជុំវិញពិភពលោក បាន រាយការណ៍ ជូនតំណាង រដ្ឋសមាជិក នូវ លទ្ធផល នៃ ការ សិក្សា របស់ ខ្លួន អំពី បញ្ញាសិប្បនិម្មិត ដោយ បង្ហាញយ៉ាងច្បាស់ថា បញ្ញាសិប្បនិម្មិតកំពុង អភិវឌ្ឍលឿន ជាង សមត្ថភាព គ្រប់គ្រង ហើយ សមត្ថភាព នេះប្រមូលផ្ដុំ ក្នុង ប្រទេស មួយចំនួនតូច ខណៈផលប៉ះពាល់ អាច ជះឥទ្ធិពល ដល់ គ្រប់ ប្រទេស ជុំវិញពិភពលោក។ គណៈវិទ្យាសាស្ត្រ អំពាវនាវ ឱ្យ បណ្ដា រដ្ឋសមាជិក ធ្វើ ការ សម្រេច ចិត្ត ជា នយោបាយឱ្យ បាន រួសរាន់ ដើម្បីធានា ថា បញ្ញាសិប្បនិម្មិត បម្រើ ប្រយោជន៍ របស់ មនុស្សជាតិ ។

ក្នុងនាមតំណាង កម្ពុជា ឯកឧត្ដម រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែង ដោយ ផ្ដោត លើ ចំណុច សំខាន់ៗ ដូចខាងក្រោម៖
(១) អភិបាលកិច្ច បញ្ញាសិប្បនិម្មិត ត្រូវផ្ដោតលើ ការ គាំទ្រសក្ដានុពលវិជ្ជមាន ដើម្បីជំរុញ នវានុវត្តន៍ ពង្រីក លទ្ធភាព ប្រើប្រាស់ និងកសាងទំនុកចិត្ត។
(២) ដើម្បី កសាង ទំនុកចិត្ត អភិបាលកិច្ច ត្រូវ ឆ្លើយតប នឹង ហានិភ័យ ឆ្លើយតបទាន់សភាពការណ៍ និង សំឡឹង មើលទៅមុខ ដោយត្រូវ ទប់ស្កាត់មុនផលប៉ះពាល់មកដល់ ក្នុងករណីចាំបាច់។
(៣) ស្របតាម និន្នាការ អាស៊ាន កម្ពុជា នឹង ធ្វើ អភិបាលកិច្ច បញ្ញាសិប្បនិម្មិត ដោយឈរ លើគោលការណ៍ និង ចាត់ទុក វិស័យឯកជន គ្រឹះស្ថាន អប់រំស្រាវជ្រាវ សង្គមស៊ីវិល និង ប្រជាពលរដ្ឋ ជា ដៃគូដ៏សំខាន់។
(៤) សហគមន៍អន្តរជាតិ ត្រូវសហការលើ ការ កសាងសមត្ថភាព ជូន និយ័តករ ចែករំលែកព័ត៌មាន អំពី ការ វិវឌ្ឍថ្មីៗ និងចែករំលែក បទពិសោធ និយ័តកម្ម និង ការ តាមដាន ឧប្បត្តិហេតុ បញ្ញាសិប្បនិម្មិត។
(៥) កម្ពុជា អំពាវនាវ ឱ្យ ក្រុមហ៊ុន បច្ចេកវិទ្យា សហការ យ៉ាង ពិតប្រាកដ ជា មួយ បណ្ដា រដ្ឋាភិបាល ដើម្បី ធ្វើ អភិបាលកិច្ច បញ្ញាសិប្បនិម្មិត។

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner