បាត់ដំបងទាក់ទាញភ្ញៀវទេសចរជិត២៨ម៉ឺននាក់ក្នុងឆមាសទី១ ខណៈត្រៀមបើកពិព័រណ៍ផ្លែឈើរយៈពេល១០ថ្ងៃ
ភ្នំពេញ៖ត្រឹមរយៈពេល ៦ខែដើមឆ្នាំ២០២៦ នេះ ខេត្តបាត់ដំបងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ២៨ម៉ឺននាក់។ កំណើនដ៏គួរឱ្យកត់សម្គាល់នេះត្រូវបានមន្ត្រីជំនាញអះអាងថា កើតចេញពីភាពទាក់ទាញនៃតំបន់ទេសចរណ៍កែច្នៃថ្មីៗ និងការត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ធំៗជាបន្តបន្ទាប់។
យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបងក្នុងឆមាសទី១ ឆ្នាំនេះ ខេត្តដ៏មានសក្តានុពលមួយនេះ ស្រូបទាញភ្ញៀវទេសចរបានសរុបប្រមាណជិត ២៨ម៉ឺននាក់ ក្នុងនោះមានទេសចរអន្តរជាតិជាង ១៦.០០០ពាន់នាក់។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានប្រាប់បណ្តាញព័ត៌មាន AMS ថា វត្តមានភ្ញៀវទេសចរមានការកើនឡើងយ៉ាងខ្លាំង ជាពិសេសក្នុង «រដូវកាលបៃតង» នេះ។ កត្តាដែលធ្វើឱ្យទេសចរសម្រុកទៅកម្សាន្ត ដោយសារតែចំពេលរដូវប្រមូលផលកសិផលល្បីៗ ដូចជា ទុរេនស្រុកសំឡូត រួមផ្សំនឹងអាកាសធាតុអំណោយផលត្រជាក់ស្រទុំ និងទេសភាពធម្មជាតិខៀវស្រងាត់។
កាន់តែពិសេសជាងនេះទៅទៀត ដើម្បីអបអររដូវកាលផ្លែឈើ រដ្ឋបាលខេត្តបាត់ដំបង គ្រោងរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍ផ្លែឈើឆ្នាំ២០២៦» មានរយៈពេលរហូតដល់ ១០ថ្ងៃគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដាឆាប់ៗនេះ។ ជាការរៀបចំមានរយៈពេលយូរជាងឆ្នាំមុន ក្នុងហេតុផលដើម្បីបើកឱកាសឱ្យភ្ញៀវទេសចរបានទៅកម្សាន្ត និងភ្លក្សរសជាតិផ្លែឈើធម្មជាតិប្រចាំខេត្តបាត់ដំបងកាន់តែច្រើន។
ក្រៅពីព្រឹត្តិការណ៍ចំពោះមុខ ខេត្តបាត់ដំបងក៏កំពុងមមាញឹកអភិវឌ្ឍក្រុងឱ្យកាន់តែទាក់ទាញ។ នៅក្នុងក្រុង អាជ្ញាធរបានរៀបចំសួនច្បារបៃតង សួនសិល្បៈ និងគ្រោងបង្កើត «ផ្លូវដើរកម្សាន្តស្ទឹងសង្កែ (Sangkae Walking Street)» នាពេលឆាប់ៗនេះ ដោយភ្ជាប់ទៅកាន់តំបន់សំណង់អភិរក្ស និងស្ពានឆ្លងស្ទឹងសង្កែ ដើម្បីបង្កើនភាពទាក់ទាញ។ ដោយឡែកនៅក្រៅក្រុង ដូចជានៅតំបន់ភ្នំសំពៅ ក៏មានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងរៀបចំទីតាំងទស្សនាហ្វូងប្រជៀវហើរចេញពីល្អាងឱ្យកាន់តែមានរបៀបរៀបរយ។
ទោះបីជាមានកំណើនភ្ញៀវទេសចរយ៉ាងណាក្តី មន្រ្តីមន្ទីរទេសចរណ៍ខេត្តបានគូសបញ្ជាក់ថា តម្លៃសេវាកម្មស្នាក់នៅ និងម្ហូបអាហារនៅក្នុងខេត្តមិនមានការឡើងថ្លៃឡើយ។ ភាពជោគជ័យនេះ កើតចេញពីកិច្ចសហការយ៉ាងស្អិតរមួតរវាងអាជ្ញាធរ និងប្រតិបត្តិករទេសចរណ៍ក្នុងមូលដ្ឋាន ដែលបានបង្ហាញជំនាញបដិសណ្ឋារកិច្ចខ្ពស់ ធ្វើឱ្យភ្ញៀវទេសចរមកលេងហើយ ចង់ត្រឡប់មកម្តងទៀត៕




ដោយ៖ទួន សុផល