អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីអញ្ជើញមកដល់កម្ពុជា និងបន្តដំណើរចុះទៅពិនិត្យមើលសភាពការណ៍នៅព្រំដែន

ភ្នំពេញ៖ បន្ទាប់ពីអញ្ជើញមកដល់កម្ពុជាភ្លាមនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពម៉ាឡេស៊ី អញ្ជើញចុះទៅខេត្តបន្ទាយមានជ័យ ជួបជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន និងអញ្ជើញចុះទៅពិនិត្យមើលតំបន់ព្រំដែនផងដែរ។

តាមកម្មវិធីដែលបានគ្រោងទុក នៅរសៀលថ្ងៃទី៨ ខែកក្កដា នេះ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីនឹងស្តាប់បទបង្ហាញដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន។ បន្ទាប់ពីស្តាប់បទបង្ហាញរួច អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីនឹងអញ្ជើញចុះទៅពិនិត្យសភាពការណ៍នៅតំបន់ព្រំដែននៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ។

អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានបានបន្តថា ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន និងអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងមានជំនួបទ្វេភាគី សំដៅដាក់ចេញនូវវិធានការសកម្មភាព ដើម្បីជំរុញនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានកន្លងទៅរវាងកងទ័ពនៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាជំហានថ្មីដ៏សំខាន់មួយទៀតដែលគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ អគ្គមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ៕
ដោយ៖ពលជ័យ

ads banner