ឯកឧត្តម ហ៊ុន ម៉ានី ៖ ហានិភ័យចំពោះសន្តិភាព និងការអភិវឌ្ឍជាតិ អាចកើតមានគ្រប់ពេល និងពីគ្រប់ទិសទី

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវឲ្យប្រជាជនកម្ពុជាបន្តលើកកម្ពស់សាមគ្គីភាព ឯកភាព និងអត្តសញ្ញាណជាតិ ខណៈពេលដែលហានិភ័យមនានាអាចកើតមានចំពោះប្រទេសជាតិគ្រប់ពេលវេលា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានលើកឡើងថា មេរៀនដែលកម្ពុជាទទួលបានក្នុងឆ្នាំ២០២៥ បានបង្ហាញឱ្យឃើញថា ហានិភ័យដែលអាចប៉ះពាល់ដល់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេស អាចកើតមានគ្រប់ពេលវេលា និងពីគ្រប់ទិសទី។ ដូច្នេះ ការកសាង និងថែរក្សាសាមគ្គីភាព ឯកភាពជាតិ និងអត្តសញ្ញាណជាតិឱ្យបានរឹងមាំ គឺជាកាតព្វកិច្ចដែលមិនអាចខ្វះបាន។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការនូវសមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យព័ត៌មាន ដែលប្រារព្ធធ្វើនៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ស.ស.យ.ក. តែងតែរៀបចំវេទិកា និងសកម្មភាពនានា ដើម្បីបង្កើតឱកាសឱ្យយុវជនជួបជុំ ផ្លាស់ប្តូរយោបល់ ស្វែងរកចំណុចរួម និងពង្រឹងមោទនភាពជាតិ ព្រមទាំងបំផុសស្មារតីស្នេហាជាតិ និងការហ៊ានចេញមុខការពារប្រទេសជាតិ និងផលប្រយោជន៍របស់កម្ពុជា។

ឯកឧត្តមបានបន្ថែមថា លើសពីការបំពេញបេសកកម្មសង្គម ស.ស.យ.ក. ក៏ជាសាក្សីនៃដំណើរវិវត្តរបស់កម្ពុជា ចាប់តាំងពីស្មារតីថ្ងៃទី២ ខែធ្នូ ក្នុងការតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតដល់ការសម្រេចបាននូវសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានទី១ របស់ ស.ស.យ.ក.។

សម្រាប់លោកប្រធាន ស.ស.យ.ក. ការចងចាំ និងគោរពវីរភាព ព្រមទាំងការលះបង់របស់យុវជនជំនាន់មុន គឺជាមូលដ្ឋានសម្រាប់បន្តបណ្តុះគុណធម៌ សីលធម៌ ស្មារតីស្នេហាជាតិ និងអត្តសញ្ញាណជាតិទៅកាន់យុវជនជំនាន់ក្រោយ។

ក្នុងន័យនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមាជិក និងសមាជិកាទាំងអស់នៃគ្រួសារ ស.ស.យ.ក. ដែលបានលះបង់កម្លាំងកាយចិត្ត បម្រើបុព្វហេតុជាតិ និងប្រជាជន ចាប់តាំងពីដំណាក់កាលសមាគមយុវជនកម្ពុជា រហូតដល់ ស.ស.យ.ក. នាពេលបច្ចុប្បន្ន។ ការចូលរួមយ៉ាងសកម្មរបស់សមាជិកគ្រប់ជំនាន់ រួមទាំងក្រុមការងារវិស័យព័ត៌មាន គឺជាការបន្តបេសកកម្មរបស់យុវជនជំនាន់មុន និងជាគំរូសម្រាប់យុវជនបន្តវេន។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័តមាន បានថ្លែងថា ការពង្រឹងសមត្ថភាព និងរចនាសម្ព័ន្ធក្នុងវិស័យព័ត៌មានរបស់យុវជន គឺពិតជាចាំបាច់ណាស់ ព្រោះពិភពលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងយុគសម័យឌីជីថល បញ្ញាសិប្បនិម្មិត និងបដិវត្តឧស្សាហកម្ម ៤.០ ដែលជំរុញឱ្យលំហូរព័ត៌មានមានសន្ទុះលឿន ទូលំទូលាយ និងជះឥទ្ធិពលខ្លាំងក្លាដល់សង្គមជាតិ៕

អត្ថបទ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner