NATO ប្រកាសកិច្ចព្រមព្រៀងទិញដូរអាវុធតម្លៃ ៥០ ពាន់លានដុល្លារ ប៉ុន្តែលោក ត្រាំ នៅតែមិនពេញចិត្ត
អង់ការ៉ា ៖ មេដឹកនាំអង្គការណាតូដែលបានជួបប្រជុំគ្នានៅក្នុងទីក្រុងអង់ការ៉ារបស់ប្រទេសតួកគី កាលពីថ្ងៃអង្គារបានប្រកាសពីកិច្ចព្រមព្រៀងទិញដូរអាវុធដ៏ធំរួមគ្នាមួយដែលមានតម្លៃដល់ទៅ ៥០ ពាន់លានដុល្លារ ។
បើតាម Business Day, ក្រោមកិច្ចព្រមព្រៀងនេះ បណ្តាប្រទេសអឺរ៉ុប នឹងសម្រុកទិញយន្តហោះដ្រូនពីក្រុមហ៊ុន Northrop Grumman របស់សហរដ្ឋអាមេរិក ។ ចំណែកសមាជិកណាតូនឹងទិញយន្តហោះស៊ើបការណ៍ជំនាន់ថ្មីពីក្រុមហ៊ុន Saab របស់ស៊ុយអែត ។
កិច្ចព្រមព្រៀងអាវុធខ្នាតយក្សនេះ ត្រូវបានអ្នកវិភាគមើលឃើញថា មានគោលបំណងផ្គាប់ចិត្តលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលតែងតែរិះគន់មិនសំចៃមាត់ថា ប្រទេសអឺរ៉ុបពឹងផ្អែកខ្លាំងលើកម្លាំងការពារជាតិរបស់ទីក្រុងវ៉ាស៊ីនតោន ។
ជាមួយគ្នានេះ វាក៏ជាការបញ្ជូនសារយ៉ាងច្បាស់មួយ ដើម្បីបង្ហាញទៅកាន់ពិភពលោកថា អង្គការណាតូកំពុងយកចិត្តទុកដាក់ ចំពោះការទាមទាររបស់សហរដ្ឋអាមេរិក ឱ្យបង្កើនការចំណាយលើការការពារទ្វីបអឺរ៉ុប ។
យ៉ាងណា លោក Trump និយាយថា រូបលោកនៅតែមិនទាន់ពេញចិត្ត ចំពោះកិច្ចព្រមព្រៀងទិញដូរអាវុធមានតម្លៃរាប់ម៉ឺនលានដុល្លារនេះនៅឡើយទេ ។
បើតាមការប៉ាន់ប្រមាណចុងក្រោយបង្អស់របស់អង្គការណាតូ, សមាជិកទាំង ៣២ របស់បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ រំពឹងនឹងចំណាយសរុបជាង ១.៨ ពាន់ពាន់លានដុល្លារ លើវិស័យការពារជាតិនៅឆ្នាំ ២០២៦ ។
តួលេខនេះ បានហក់ឡើងដល់ទៅ ១១% បើធៀបនឹងឆ្នាំ ២០២៥ ដែលមានចំនួនត្រឹមតែ ១។៦៣ ពាន់ពាន់លានដុល្លារប៉ុណ្ណោះ ៕
ប្រភព ៖ Business Day និង Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
