មេហេសបូឡាប្រកាសមិនឯកភាពលើកិច្ចព្រមព្រៀង អ៊ីស្រាអែល-លីបង់
បេរូត ៖ លោក Naim Qassem ប្រមុខក្រុមហេសបូឡាបាននិយាយ កាលពីថ្ងៃពុធថា កិច្ចព្រមព្រៀងក្របខ័ណ្ឌលីបង់ ជាមួយអ៊ីស្រាអែល ប៉ុនប៉ងបញ្ចប់សង្គ្រាម រវាងភាគីទាំងពីរ នឹងមិនត្រូវអនុម័តទេ។
នេះគឺជាបញ្ជាក់ជាថ្មី របស់ប្រមុខហេសបូឡា នូវការបដិសេធរបស់ក្រុមលោក ចំពោះកិច្ចព្រមព្រៀងក្របខ័ណ្ឌ ដែលគាំទ្រដោយសហរដ្ឋអាមេរិក។
លោក Qassem បាននិយាយបែបនេះ នៅក្នុងសុន្ទរកថាមួយ នៅទីក្រុងបេរូត អំឡុងពេលព្រឹត្តិការណ៍រំលឹកវិញ្ញាណក្ខន្ធ មេដឹកនាំកំពូលអ៊ីរ៉ង់ ដែលត្រូវបានសម្លាប់ គឺ លោក Ali Khamenei។
លោកបញ្ជាក់ថា «នៅទីបំផុត គ្មានមាត្រាណាមួយនៃកិច្ចព្រមព្រៀងនេះ នឹងត្រូវបានអនុម័តឡើយ ហើយអ្នកនឹងមិនអាចធ្វើអ្វីបានឡើយចំពោះរឿងនេះ»។
ក្រុម ហេសបូឡា បានទាញប្រទេសលីបង់ចូលទៅក្នុងសង្គ្រាម នៅក្នុងតំបន់ នៅថ្ងៃទី២ ខែមីនា ដោយវាយប្រហារអ៊ីស្រាអែល ហើយអះអាងថា ខ្លួនកំពុងធ្វើសកម្មភាពសងសឹក ចំពោះការស្លាប់របស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ។
អ៊ីស្រាអែលបានឆ្លើយតបវិញ ជាមួយនឹងយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ និងការវាយលុកលើដីគោក ដែលបានសម្លាប់មនុស្សជាង ៤,៣០០នាក់ ព្រមទាំង កាន់កាប់ទឹកដី នៅជិតព្រំដែន។
កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ បានធ្វើឡើង បន្ទាប់ពីកិច្ចព្រមព្រៀងមុន រវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដែលមានគោលបំណងបញ្ចប់សង្គ្រាម ក្នុងតំបន់ដ៏ទូលំទូលាយ ដែលក៏បានបង្កើតបទឈប់បាញ់ នៅក្នុងប្រទេសលីបង់ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលនៅតែធ្វើការវាយប្រហារ ម្តងម្កាល លើភាគខាងត្បូងប្រទេសលីបង់។ ជាក់ស្តែង មនុស្សពីរនាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារមួយ កាលពីថ្ងៃពុធ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
