រុស្ស៊ី បិទខ្ទប់នាំចេញប្រេងម៉ាស៊ូត ចំពេលជួបវិបត្តិថាមពលធ្ងន់ធ្ងរ ដោយសារដ្រូន អ៊ុយក្រែន
មូស្គូ ៖ ប្រទេសរុស្ស៊ី នៅថ្ងៃ ពុធ បានសម្រេចបិទខ្ទប់ការនាំចេញប្រេងម៉ាស៊ូត ដើម្បីរក្សាស្ថិរភាពថាមពលក្នុងស្រុក ។ ការហាមឃាត់នេះ នឹងមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី៣១ ខែកក្កដាខាងមុខ ។
វិធានការរបស់រុស្ស៊ី មានគោលបំណងរក្សាស្ថិរភាពទីផ្សារប្រេងឥន្ធនៈក្នុងស្រុក និងទប់ទល់វិបត្តិប្រេងឥន្ធនៈដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន ដែលបង្កឡើងដោយសារការវាយប្រហារឥតឈប់ឈរជាច្រើនសប្តាហ៍ ពីយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ។
យោងតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីផ្លូវការរុស្ស៊ី, តំបន់ជាង ៩០ ភាគរយរបស់រុស្ស៊ី បានជួបប្រទះវិបត្តិប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីខែមិថុនា ដែលបង្ខំឱ្យទីក្រុងមូស្គូ ត្រូវនាំចូលសាំងក្នុងកម្រិតដ៏ច្រើនមិនធ្លាប់មានពីបេឡារុស ។
អំឡុងកិច្ចប្រជុំថ្នាក់រដ្ឋាភិបាលតាមអនឡាញ, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់ថា អ៊ុយក្រែនបានព្យាយាមបង្កើតស្ថានភាពចលាចលនៅក្នុងសង្គម និងបំផ្លិចបំផ្លាញសេដ្ឋកិច្ចរបស់រុស្ស៊ី ។
លោកថា យុទ្ធសាស្រ្តរបស់អ៊ុយក្រែន គឺបង្កើនការវាយប្រហារដោយយន្តហោះដ្រូន លើរោងចក្រចម្រាញ់ប្រេង និងហេដ្ឋារចនាសម្ព័ន្ធថាមពល ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ប្រព័ន្ធថាមពលរបស់រុស្ស៊ី មានកម្រិតសុវត្ថិភាពខ្ពស់បំផុតមួយនៅក្នុងពិភពលោក ។
បើតាម AFP, អ៊ុយក្រែនបានកំណត់គោលដៅបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី ជាពិសេសរោងចក្រចម្រាញ់ប្រេង និងដេប៉ូស្តុកប្រេង អស់រយៈពេលជាច្រើនខែមកហើយ ដើម្បីឆ្លើយតបការវាយប្រហារឥតឈប់ឈររបស់ទីក្រុងមូស្គូ និងក្នុងគោលបំណងបង្ខំឱ្យរុស្ស៊ីរត់រកតុចរចាបញ្ចប់សង្គ្រាម ៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា