អាមេរិក ប្រកាសដក ស៊ីរី ចេញពីបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម
អង់ការ៉ា ៖ លោកប្រធានាធិបតី Donald Trump បានអះអាង កាលពីថ្ងៃពុធថា អាមេរិកនឹងដកប្រទេសស៊ីរីចេញពីបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម ជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៧៩។
លោក Donald Trump ដែលអង្គុយក្បែរប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa នៅក្នុងកិច្ចប្រជុំកំពូល NATO នៅទីក្រុងអង់ការ៉ា ប្រទេសទួកគី បាននិយាយថា លោកនឹងដកប្រទេសស៊ីរីចេញពីបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម របស់ក្រសួងការបរទេសអាមេរិក។
លោក Trump បានលើកសរសើរ លោក al-Sharaa ថា បានធ្វើការងារដ៏អស្ចារ្យ ខណៈដែលមេដឹកនាំស៊ីរីរូបនេះ ធ្លាប់ដឹកនាំសាខា ភេវរករ អាល់ កៃដា (al-Qaeda) នៅក្នុងប្រទេសស៊ីរី។
លោក Trump រៀបរាប់ថា «គាត់បានធ្វើការងារដ៏អស្ចារ្យ ជាប្រធានាធិបតី… គាត់បានបង្រួបបង្រួមប្រទេស ក្នុងរយៈពេលដ៏ខ្លី» ដោយពណ៌នាអំពីមេដឹកនាំស៊ីរី រូបនេះថា ជាមនុស្សខ្លាំងដែលត្រូវបានគោរពដោយមនុស្សគ្រប់គ្នា។ លោក Trump បាននិយាយថា «យើងមានមោទនភាព ចំពោះការងារដែលគាត់កំពុងធ្វើ»។
ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa ត្រូវបានគេដឹងថា ព្យាយាមកសាងរូបភាពអន្តរជាតិរបស់ប្រទេសឡើងវិញ នៅពេលដែលប្រទេសនេះងើបចេញពីសង្គ្រាមស៊ីវិល អស់រយៈពេលជាច្រើនឆ្នាំ។
យ៉ាងណាមិញ រយៈពេលប្រមាណ ជាង១សប្តាហ៍នេះ មានការផ្ទុះគ្រាប់ចំនួន២លើក ក្នុងរដ្ឋធានីដាម៉ាស់ ខណៈដែលប្រទេសនេះ ធ្លាប់មានក្រុមប្រដាប់អាវុធ ច្រើនក្រុម ក្នុងពេលមានសង្គ្រាមស៊ីវិល ១៣ឆ្នាំ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
