ប្រទេសនៅ អឺរ៉ុប ផ្តើមហាមនាំចូលទំនិញ អ៊ីស្រាអែល ជុំវិញការកាន់កាប់ដី ប៉ាឡេស្ទីន ខុសច្បាប់
ឌុយប្លាំង ៖ ប្រទេស អៀរឡង់ បានក្លាយជារដ្ឋសមាជិកសហភាពអឺរ៉ុបដំបូងគេ ដែលហាមឃាត់ការនាំចូលទំនិញរបស់អ៊ីស្រាអែល ជុំវិញការចូលទៅកាន់កាប់ទឹកដីប៉ាឡេស្ទីន ដោយខុសច្បាប់ ពីសំណាក់ រដ្ឋាភិបាលទីក្រុង ហ្ស៊េរុយសាឡិម ។
ការសម្រេចជាផ្លូវការនេះបានធ្វើឡើង ក្រោយពេលដែលសភាជាតិអៀរឡង់ កាលពីថ្ងៃពុធ បានបោះឆ្នោតអនុម័តច្បាប់ ស្តីពីការហាមឃាត់ការនាំចូលទំនិញ ចេញពីការតាំងទីលំនៅ របស់អ៊ីស្រាអែល នៅក្នុងតំបន់ West Bank និងភាគខាងកើត ក្រុងហ្ស៊េរុយសាឡិម។
សេចក្តីព្រាងច្បាប់នេះមានបំណងធានាឱ្យ អៀរឡង់ អនុលោមតាមកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិរបស់ខ្លួន ដោយតុលាការយុត្តិធម៌អន្តរជាតិ ដែលផ្តល់សិទ្ធិអំណាច ចាត់វិធានការ ដើម្បីទប់ស្កាត់ទំនាក់ទំនងពាណិជ្ជកម្ម ប្រឆាំងនឹងភាពខុសច្បាប់ដែលបង្កើតឡើងដោយអ៊ីស្រាអែល នៅក្នុងទឹកដី របស់ប៉ាឡេស្ទីន ។
ផ្អែកតាមច្បាប់នេះ, ប្រទេស អៀរឡង់ នឹងហាមឃាត់ការនាំចូលទំនិញ មាននៅក្នុងវិស័យកសិកម្ម និង អាជីវកម្ម ដែលស្ថិតនៅក្រៅព្រំដែនទទួលស្គាល់ជាអន្តរជាតិ របស់អ៊ីស្រាអែល។
បើតាម Times of Israel, ប្រទេស អេស្ប៉ាញ ដែលជាសមាជិកអឺរ៉ុបផងដែរនោះ ក៏បានចាប់ផ្តើមអនុវត្តការរឹតបន្តឹងលើការនាំចូលទំនិញ ពីអ៊ីស្រាអែល កាលពីខែតុលា ឆ្នាំ២០២៥ ជុំវិញបញ្ហាតាំងទីលំនៅ របស់អ៊ីស្រាអែល នៅលើទឹកដីប៉ាឡេស្ទីននេះដូចគ្នា។
តុលាការយុត្តិធម៌អន្តរជាតិ ហៅកាត់ ICJ និយាយថា ផ្អែកតាមច្បាប់អន្តរជាតិ វត្តមានរបស់អ៊ីស្រាអែល នៅក្នុងតំបន់ West Bank, តំបន់ភាគខាងកើត ក្រុងហ្ស៊េរុយសាឡិម ព្រមទាំង តំបន់ Gaza Strip គឺសុទ្ធសឹងតែជាការកាន់កាប់ ដោយខុសច្បាប់ ៕
ប្រភព ៖ Times of Israel , ប្រែសម្រួល ៖ សារ៉ាត