ទីក្រុងប៉េកាំង ជំរុញ NATO លះបង់ “ផ្នត់គំនិតសង្គ្រាមត្រជាក់” ប្រឆាំង ចិន
ប៉េកាំង ៖ រដ្ឋាភិបាលទីក្រុងប៉េកាំង នៅថ្ងៃ ព្រហស្បតិ៍ នេះ បានជំរុញឱ្យអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO លះបង់ចោលនូវផ្នត់គំនិតសង្គ្រាមត្រជាក់ប្រឆាំងនឹងប្រទេសចិន ។
បើតាមលោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន អង្គការណាតូគឺជាសម្ព័ន្ធភាពក្នុងតំបន់ដែលមានវិសាលភាពសម្រាប់ការពារជាតិ និងមានព្រំដែនភូមិសាស្ត្រច្បាស់លាស់ ដូច្នេះមិនគួរព្យាយាមស្វែងរកកំហុស ឬជ្រៀតជ្រែកកិច្ចការដែលពាក់ព័ន្ធនឹងប្រទេសចិនគ្រប់ពេលនោះទេ ។
លោកស្រីថា ចិនដែលជាប្រទេសមហាអំណាចនៅអាស៊ី គឺជាកម្លាំងចលករជំរុញសន្តិភាពពិភពលោក ហើយទីក្រុងប៉េកាំងមិនដែលគំរាមកំហែងដល់ប្រទេសណាមួយ ឬបង្កជាបញ្ហាប្រឈមណាមួយដល់សន្តិសុខតំបន់អឺរ៉ុប និងអាត្លង់ទិកនោះឡើយ ។
ផ្ទុយទៅវិញ អង្គការ NATO គួរតែលះបង់ចោលនូវផ្នត់គំនិតសង្គ្រាមត្រជាក់ដែលហួសសម័យ ហើយកែតម្រូវទស្សនៈមិនត្រឹមត្រូវរបស់ខ្លួនចំពោះប្រទេសចិន និងបញ្ឈប់ការបង្កើតជម្លោះមនោគមវិជ្ជា ឬការបង្កើតបក្ខពួកនិយម ដែលនាំឱ្យប៉ះពាល់ដល់ស្ថិរភាពពិភពលោក ជាពិសេសបញ្ឈប់ការចាត់ទុកចិនជាការគំរាមកំហែងទៀតទៅ ។
ការបញ្ចេញប្រតិកម្មរបស់មហាយក្សចិន ត្រូវបានធ្វើឡើង បន្ទាប់ពីមន្ត្រីអង្គការ NATO និងជប៉ុន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពយោធារបស់ទីក្រុងប៉េកាំង រួមទាំងការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ កាលពីដើមសប្តាហ៍នេះ ខណៈពេលដែលទីក្រុងតូក្យូព្យាយាមផ្សារភ្ជាប់សម្ព័ន្ធភាពយោធាលោកខាងលិចមួយនេះ ជាមួយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។
បើតាម Japan Times, ក្រុមអ្នកជំនាញបាននិយាយថា ការបាញ់សាកល្បងមីស៊ីលចេញពីនាវាមុជទឹកដ៏ទំនើបពីសំណាក់ប្រទេសចិន បានផ្ញើសារបង្កប់ដោយអត្ថន័យផ្ញើទៅកាន់សហរដ្ឋអាមេរិក ជប៉ុន និងប្រទេសដទៃទៀត ប៉ុន្តែក៏បានបង្ហាញឱ្យឃើញពីដំណាក់កាលរីកចម្រើនយ៉ាងឆាប់រហ័សថ្មីមួយ នៃកងកម្លាំងនាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែររបស់ទីក្រុងប៉េកាំង ទៅកាន់ពិភពលោកផងដែរ ៕
ប្រភព ៖ Anadolu និង Japan Times ប្រែសម្រួល ៖ ឈឹម ទីណា
