អ៊ីស្រាអែល ប្រកាសត្រៀមខ្លួនរួចរាល់ ក្នុងការវាយប្រហារ អ៊ីរ៉ង់ ជាលើកទី៣
ហ៊្សេរុយសាឡឹម ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz នៅថ្ងៃ ព្រហស្បតិ៍ បានប្រកាសក្តែងៗថា អ៊ីស្រាអែលបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបន្តយុទ្ធនាការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ជាលើកទី៣ ប្រសិនបើចាំបាច់ ដោយលោកប្តេជ្ញាថា នឹងប្រើកម្លាំងវាយប្រហារកាន់តែខ្លាំងក្លាជាងមុន ។
ការគំរាមរបស់អ៊ីស្រាអែល ត្រូវបានធ្វើឡើងចំពេលមានការប្រយុទ្ធគ្នាឡើងវិញរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបង្កឲ្យមានការព្រួយបារម្ភជាថ្មី អំពីការវិលត្រឡប់ទៅរកសង្គ្រាមពេញទំហឹង ។
ការប៉ះទង្គិចគ្នាចុងក្រោយនេះ កើតឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីខែមេសា និងការចុះអនុស្សរណៈយោគយល់ ដើម្បីឈានឆ្ពោះទៅបញ្ចប់អរិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីខែមិថុនា កន្លងមក ។
បើតាម AFP, ប្រមុខការពារជាតិអ៊ីស្រាអែល បាននិយាយថា កងទ័ពខ្លួនបានប្រុងជើងការរួចជាស្រេច និងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ ដើម្បីបន្តការវាយប្រហារជាលើកទី៣ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ប្រសិនបើចាំបាច់ ។
លោក Katz ដែលមានវ័យ៧០ឆ្នាំរូបនេះ បានព្រមានធ្ងន់ៗទុកមុនថា ប្រសិនបើអ៊ីស្រាអែលត្រូវវិលត្រឡប់ទៅរកសង្គ្រាមវិញ នោះអ៊ីស្រាអែលនឹងត្រឡប់ទៅវិញជាមួយនឹងការប្រើប្រាស់កម្លាំងដ៏ខ្លាំងក្លាជាងមុន ។
គួរបញ្ជាក់ថា ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា បានឆាបឆេះឡើងកាលពីចុងខែកុម្ភៈឆ្នាំនេះ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានព្រួតគ្នាវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងអ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូល រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀតផងដែរ ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
