លោក Netanyahu ថា សង្គ្រាមអ៊ីរ៉ង់មិនទាន់ចប់, អ៊ីស្រាអែលបន្តប្រយុទ្ធ

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ថា សង្គ្រាមអ៊ីរ៉ង់ មិនទាន់ចប់នោះទេ ពោលគឺចំពេលមានការកើនឡើង នៃភាពតានតឹងផ្នែកយោធា រវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ។

ការអះអាងនេះ ធ្វើឡើង នៅ១ថ្ងៃ បន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អនុស្សរណៈជាមួយអ៊ីរ៉ង់គឺចប់ហើយ ពោលគឺបន្ទាប់ពីមានការប៉ះទង្គិចគ្នា ២ថ្ងៃ ជាប់ៗគ្នា។

ថ្លែងក្នុងកម្មវិធីកងទ័ពអាកាស, លោក Netanyahu រៀបរាប់ថា «សង្គ្រាមមិនទាន់ចប់នៅឡើយទេ..មានបញ្ហាប្រឈមថ្មីៗ» ។

លោកបន្តថា «ការរក្សាឧត្តមភាពផ្លូវអាកាសគឺជាសសរស្តម្ភជាមូលដ្ឋាននៃគោលលទ្ធិសន្តិសុខជាតិរបស់អ៊ីស្រាអែល ដោយវាជាគន្លឹះក្នុងការរក្សាស្ថិរភាព នៅមជ្ឈិមបូព៌ាដ៏ច្របូកច្របល់»។

ប្រធានសេនាធិការកងទ័ពអ៊ីស្រាអែល លោក Eyal Zamir ក៏បាននិយាយផងដែរថា ប្រទេសនេះ នឹងបន្តយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ពោលគឺមិនទាប់សង្គ្រាមទេ។

បើតាម Anadolu, អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហាររួមគ្នា ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីខែកុម្ភៈ ដោយបានសម្លាប់មនុស្សជាង ៣,០០០ នាក់ រួមទាំងមេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ គឺ លោក Ayatollah Ali Khamenei៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner