អាល្លឺម៉ង់ ទិញមីស៊ីល Tomahawk ពី អាមេរិក ពង្រឹងសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយ

ប៊ែរឡាំង ៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅថ្ងៃ ព្រហស្បតិ៍ បានប្រកាសថា អាល្លឺម៉ង់នឹងបញ្ជាទិញមីស៊ីលនាំផ្លូវ Tomahawk ពីសហរដ្ឋអាមេរិក ដើម្បីយកមកដាក់ពង្រាយ និងពង្រឹងសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយផ្ទាល់ខ្លួនរបស់អាល្លឺម៉ង់ ។

ទោះបីជាអាល្លឺម៉ង់អាចផលិតមីស៊ីលនាំផ្លូវផ្ទាល់ខ្លួនមានឈ្មោះថា Taurus ក៏ដោយ ប៉ុន្តែសមត្ថភាពវាយប្រហាររបស់វាមានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រប៉ុណ្ណោះ ពោលគឺជិតជាងមីស៊ីល Tomahawk ដល់ទៅ ៣ ឬ៥ ដង ។

បើតាម Straits Times, មីស៊ីល Tomahawk ដែលប្រើបាញ់ចេញពីនាវាចម្បាំង និងនាវាមុជទឹកនេះ គឺជាប្រព័ន្ធអាវុធដ៏សំខាន់របស់យោធាអាមេរិក ដោយមួយគ្រាប់មានតម្លៃចន្លោះពីជាង ១លានដុល្លារ ទៅ ៣លានដុល្លារ ។

មីស៊ីលដ៏កំណាចនេះ មានឈ្មោះបោះសំលេងដោយសារតែសមត្ថភាពហែកមេឃហោះក្នុងចម្ងាយឆ្ងាយលើសពី ១.៧០០ ទៅ ២.០០០ គីឡូម៉ែត្រ ជាមួយនឹងល្បឿនលឿនជាងសំលេងជិត ១ដង ។

លោកអធិការបតីអាល្លឺម៉ង់ Merz បានប្រាប់ទៅកាន់ក្រុមសមាជិកសភាថា លោកបានយល់ព្រមលើកិច្ចព្រមព្រៀងទិញដូរមីស៊ីល Tomahawk ជាមួយសហរដ្ឋអាមេរិក នៅក្រៅជំនួបកំពូលអង្គការណាតូ ក្នុងទីក្រុងអង់ការ៉ា ។

យោងតាមប្រភពពីមន្ត្រីអាល្លឺម៉ង់, សហរដ្ឋអាមេរិកបានសន្យានឹងបើកភ្លើងបៃតងនៅក្នុងខែសីហា សម្រាប់ការបញ្ជាទិញមីស៊ីល Tomahawk និងប្រព័ន្ធបាញ់មីស៊ីលលើដីគោកប្រភេទ Typhon របស់អាល្លឺម៉ង់ ដើម្បីឆ្លើយតបតាមលិខិតបង្ហាញចេតនា ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner