យន្តហោះអតីតប្រធានាធិបតីហុងឌូរ៉ាស ដាក់ដេញថ្លៃលក់ជាង៥លានដុល្លារ
តេហ្គូស៊ីហ្គាល់ប៉ា ៖ យន្តហោះ១គ្រឿង របស់អតីតប្រធានាធិបតី ប្រទេសហុងឌូរ៉ាស ត្រូវបានដាក់ដេញថ្លៃលក់ បានតម្លៃជាង៥លានដុល្លារ។
យន្តហោះ Embraer Legacy 600 ត្រូវបានទិញដោយក្រុមហ៊ុនអាកាសចរណ៍ Thebe Ingenieria របស់ប្រទេសម៉ិកស៊ិក ក្នុងតម្លៃ៥លាន១សែនដុល្លារអាមេរិក កាលពីថ្ងៃសុក្រ ដោយចាប់ផ្តើមត្រឹមតែ តម្លៃ៣៧.០០០ ដុល្លារប៉ុណ្ណោះពីដំបូង ដែលរៀបចំធ្វើឡើង នៅរដ្ឋធានី តេហ្គូស៊ីហ្គាល់ប៉ា។
យន្តហោះមួយគ្រឿងនេះ ធ្លាប់ត្រូវបានបញ្ជាទិញដោយលោក Juan Orlando Hernandez អតីតប្រធានាធិបតីហុងឌូរ៉ាស ក្នុងតម្លៃ១៤លានដុល្លារ ប៉ុន្តែ ត្រូវបានធ្វើឲ្យខូចខាត ឬធ្វើឲ្យបាត់បង់សោភ័ណភាព ព្រោះពាក់ព័ន្ធនឹងការចោទប្រកាន់ ពីបទពុករលួយ។
រដ្ឋបានចំណាយប្រហែល ១១ លានដុល្លារ ក្នុងការជួសជុល និងថែទាំ នៅចន្លោះឆ្នាំ២០១៥ និង២០២២ ពោលគឺបន្ទាប់ពីការស៊ើបអង្កេត ដោយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលធានាថា យន្តហោះនេះត្រូវបានប្រើប្រាស់ សម្រាប់ការធ្វើដំណើរប្រណីត ក្រៅផ្លូវការ។
ទោះបីជាតម្លៃមូលដ្ឋាននៃការផ្តល់ជូននេះ មិនត្រូវបានប្រកាសជាសាធារណៈក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយហុងឌូរ៉ាស់ធានាថា រដ្ឋាភិបាល នៃប្រទេស ស្ថិតនៅតំបន់អាមេរិកខាងត្បូងមួយនេះ រំពឹងថា នឹងទទួលបានប្រាក់ទាំងនេះ។
គួរបញ្ជាក់ថា តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកបានលុបចោលការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤៥ ឆ្នាំពីបទជួញដូរគ្រឿងញៀន ដែលបានដាក់ ក្នុងឆ្នាំ ២០២៤ លើអតីតប្រធានាធិបតីហុងឌូរ៉ាស លោក Juan Orlando Hernandez ពោលគឺបន្ទាប់ពីត្រូវបានលើកលែងទោស ដោយលោក Donald Trump កាលពីខែវិច្ឆិកា ឆ្នាំមុន៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត