រុស្ស៊ី ប្រកាសឈប់ទុកចិត្ត លើការត្រៀមខ្លួនចរចារបស់បស្ចិមលោក
មូស្គូ ៖ រុស្ស៊ីលែងទុកចិត្តលើឆន្ទៈ របស់បស្ចិមលោក ក្នុងការឈានដល់ដំណោះស្រាយចរចាលើសង្គ្រាមអ៊ុយក្រែនទៀតហើយ នេះបើតាមការលើកឡើង របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ចេញផ្សាយដោយ Tass កាលពីថ្ងៃសុក្រ។
លោក Sergey Lavrov បាននិយាយបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុង Maputo បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយសមភាគី ម៉ូសំប៊ិក។
រដ្ឋមន្ត្រីរុស្ស៊ី រូបនេះ បាននិយាយថា «បស្ចិមលោកនៅតែបន្តធ្វើការអំពាវនាវ ដោយលាក់ពុតសម្រាប់ដំណោះស្រាយចរចា។ ដំណោះស្រាយចរចាត្រូវបានឈានដល់ នៅឆ្នាំ ២០១៤, ២០១៥និង ២០១៩…ក្នុងករណីទាំងអស់នេះ ការធានារបស់បស្ចិមលោកត្រូវបានរុះរើ ដោយបស្ចិមលោកខ្លួនឯង ដែលបានបង្ហាញថា ជាការកុហកទាំងស្រុង»។
លោក Lavrov បានបន្ថែមថា «ក្រៅពីនេះ មានដំណោះស្រាយចរចារវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ប៉ុន្តែ បស្ចិមលោកបានធ្វើឱ្យខូច ដោយបើកចំហ និងជាសាធារណៈ។ យើងលែងទុកចិត្តលើឆន្ទៈរបស់បស្ចិមលោក ដែលបានប្រកាសក្នុងការស្វែងរកដំណោះស្រាយចរចាទៀតហើយ ទុនបម្រុងនៃជំនឿល្អ និងក្តីសង្ឃឹមនេះ បានរីងស្ងួតអស់ហើយ»។
គួរបញ្ជាក់ថា ការចរចាបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ហាក់មិនមានការវិវឌ្ឍទៅមុខ ចំពេលដែល អាមេរិក កំពុងជាប់ដៃច្រើន ក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា។ ជាងនេះទៀត ភាគីគូជម្លោះ បានវាយប្រហារគ្នាស្ទើរតែរាល់ថ្ងៃ មួយរយៈចុងក្រោយនេះ៕
ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត