អ៊ីស្រាអែលឃុំខ្លួនតំណាងរាស្ត្រអាមេរិក នៅតំបន់West Bank
វ៉ាស៊ីនតោន ៖ លោក Ro Khanna អ្នកតំណាងរាស្ត្រអាមេរិក មកពីរដ្ឋកាលីហ្វ័រញ៉ា និយាយ កាលពីថ្ងៃសៅរ៍ថា លោកត្រូវបានឃុំខ្លួន ដោយអ្នកតាំងលំនៅអ៊ីស្រាអែល នៅក្នុងតំបន់ West Bank។
អ្នកតំណាងរាស្ត្រលេចធ្លោម្នាក់នេះ បាននិយាយថា រូបលោកត្រូវបានឃុំខ្លួន រួមជាមួយជនជាតិអាមេរិកដទៃទៀត ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់តំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល កាលពីថ្ងៃពុធ។
នៅក្នុងការបង្ហោះមួយលើបណ្តាញសង្គម X, លោក Khanna បាននិយាយថា «អ្នកតាំងលំនៅអ៊ីស្រាអែល កាន់កាំភ្លើង M4 ផលិតដោយអាមេរិក បានឃុំខ្លួនខ្ញុំ និងជនជាតិអាមេរិកដទៃទៀត ក្នុងដំណើររបស់ខ្ញុំ ទៅកាន់ទឹកដីប៉ាឡេស្ទីន»។ លោកបានបន្ថែមថា «ពួកគេបានចូលមកការពារ អ្នកតាំងលំនៅ និង ឃុំខ្លួនពួកយើង.. ពួកគេបានធ្វើកំហុសដ៏ធំមួយ»។
យ៉ាងណា កងកម្លាំងការពារអ៊ីស្រាអែល IDF បានបដិសេធការអះអាង របស់លោក Khanna។ យោធាអ៊ីស្រាអែលបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានផ្ញើទៅកាន់ AFP ថា ខ្លួនបានទទួលរបាយការណ៍មួយ ទាក់ទងនឹងជនស៊ីវិលអ៊ីស្រាអែល ដែលបានរារាំងយានយន្តរបស់ជនបរទេស និង សមាជិកប្រព័ន្ធផ្សព្វផ្សាយដោយខុសច្បាប់ នៅក្នុងតំបន់ Khirbet Zanuta។ ពេលទទួលបានរបាយការណ៍នេះ, កងទ័ព IDF ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ បំបែកជនស៊ីវិលអ៊ីស្រាអែលយ៉ាងឆាប់រហ័ស និងបើកផ្លូវដែលត្រូវបានរារាំងឡើងវិញ។ ទាហាន IDF ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់នោះមិនបានចូលរួម ក្នុងការបិទផ្លូវនោះទេ»។
តាំងពីការចាប់ផ្តើមសង្គ្រាម នៅហ្គាហ្សា ក្នុងខែតុលា ឆ្នាំ២០២៣, អង្គការសហប្រជាជាតិបានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃអំពើហិង្សា ដែលបណ្តាលមកពីអ្នកតាំងលំនៅអ៊ីស្រាអែល នៅតំបន់ West Bank ខណៈដែលរដ្ឋមន្ត្រីអ៊ីស្រាអែលជាច្រើនរូបបានបន្តអំពាវនាវឱ្យបញ្ចូលទឹកដីទាំងមូល ឬ មួយផ្នែក។
សហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អ៊ីស្រាអែល ប៉ុន្តែ អ្នកតាក់តែងច្បាប់មួយចំនួន ជាពិសេស ក្រុមប្រជាធិបតេយ្យ បានរិះគន់យ៉ាងខ្លាំងចំពោះការវាយលុកយោធារបស់អ៊ីស្រាអែល នៅហ្គាហ្សា៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត