មនុស្ស២៧នាក់ស្លាប់ ក្នុងគ្រោះអគ្គិភ័យឆេះបារ ថៃ

បាងកក ៖ មនុស្ស យ៉ាងតិច២៧នាក់ បានស្លាប់ ក្នុងគ្រោះអគ្គិភ័យឆាបឆេះបារមួយកន្លែង នៅទីក្រុងបាងកក ប្រទេសថៃ កាលពីយប់ថ្ងៃអាទិត្យ។ នេះបើតាមការបញ្ជាក់ផ្ទាល់ពីសំណាក់ លោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរៈគុល។

លោក អនុទីន ថ្លែងពីកន្លែងកើតហេតុថា សាកសពចំនួន ២៧នាក់ ត្រូវបានដឹកចេញ ខណៈមនុស្សខ្លះទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

«យើងកំពុងពិនិត្យមើលស្ថានភាព… តន្ត្រីករបានពិពណ៌នាអំពី ផ្សែងចេញពីឧបករណ៍បំបែកសៀគ្វី នៅជិតឆាក… បន្ទាប់មក អគ្គិសនីក៏ដាច់ ហើយមានការផ្ទុះតែម្តង»។

លោក អនុទីន បានប្រាប់អ្នកយកព័ត៌មានទៀតថា «ជនរងគ្រោះភាគច្រើនបានរត់ទៅខាងក្រោយ នៅបន្ទប់ទឹក ដែលគ្មានច្រកចេញ ហើយ វាអាចបណ្តាលមកពីការភ័យស្លន់ស្លោ ព្រោះមានអគ្គីភ័យ និងផ្សែង នៅក្នុងបារ»។

អំឡុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម នៅម៉ោងប្រហែល ២ អធ្រាត ឈានចូលដល់ព្រឹកថ្ងៃច័ន្ទនេះ, ប៉ូលីសជាតិថៃបាននិយាយថា អគ្គីភ័យត្រូវបានគ្រប់គ្រងវិញ។

បើតាម AFP, វិធីសាស្រ្តធូររលុងរបស់ប្រទេសថៃ ចំពោះបទប្បញ្ញត្តិសុខភាព និងសុវត្ថិភាព ជាពិសេសនៅក្នុងបារ និងក្លឹបរាត្រីរបស់ខ្លួន បានបង្កើនការព្រួយបារម្ភជាយូរមកហើយ។

ជាក់ស្តែង ក្នុងឆ្នាំ២០២២, មនុស្ស២៥នាក់បានស្លាប់ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះក្លឹបរាត្រី Mountain B នៅខេត្ត Chonburi ភាគខាងកើត ប្រទេសថៃ។ អគ្គីភ័យដ៏ធំមួយបានឆាបឆេះពិធីជប់លៀងថ្ងៃចូលឆ្នាំថ្មី នៅក្លឹប Santika ក្នុងទីក្រុងបាងកក អំឡុងឆ្នាំ២០០៩ ដោយបានសម្លាប់មនុស្ស ៦៧នាក់ និង របួសជាង២០០នាក់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner