ប្រមុខ UN ជំរុញ អ៊ីរ៉ង់-សហរដ្ឋអាមេរិក វិលទៅរកការទូតវិញជាបន្ទាន់
ញូវយ៉ក ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃ អាទិត្យ បានអំពាវនាវឲ្យបញ្ឈប់ការវាយប្រហារនៅតំបន់ឈូងសមុទ្រជាបន្ទាន់ ព្រមទាំងជំរុញឲ្យអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក វិលត្រឡប់មកដោះស្រាយបញ្ហាតាមផ្លូវការទូតវិញ ដើម្បីបង្ការគ្រោះមហន្តរាយដល់សន្តិសុខភិភពលោក និងសេដ្ឋកិច្ចសកល ។
ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលសហគមន៍អន្តរជាតិ រួមទាំងចក្រភពអង់គ្លេស សហភាពអឺរ៉ុប ចិន និងរុស្ស៊ី បានសម្តែងការគាំទ្រ និងជំរុញឱ្យមានកិច្ចចរចាសន្តិភាពជាបន្ទាន់ ដើម្បីបញ្ចៀសសង្រ្គាមទ្រង់ទ្រាយធំក្នុងតំបន់មជ្ឈិមបូព៌ា ។
អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកប្រមុខយូអិន Guterres មាន “ការព្រួយបារម្ភយ៉ាងខ្លាំង” ចំពោះការប្រឈមមុខដាក់គ្នាសាជាថ្មី រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។
លោកថា ក្នុងនោះរួមមានការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើនាវានៅច្រកសមុទ្រ ហ័រមូស ការវាយប្រហាររបស់សហរដ្ឋអាមេរិកប្រឆាំងអ៊ីរ៉ង់ និងការវាយប្រហាររបស់អ៊ីរ៉ងលើគោលដៅនានាក្នុងប្រទេសជិតខាង ។
បើតាមសេចក្តីថ្លែងការណ៍, លោក Guterres បានសង្កត់ធ្ងន់ថា ការវាយប្រហារទាំងនេះ ត្រូវតែបញ្ឈប់ទាំងអស់ និងបានទទូចដល់គ្រប់ភាគីជម្លោះឲ្យមានការអត់ធ្មត់ខ្ពស់បំផុត ជៀសវាងបង្កើនភាពតានតឹងថែមទៀត និងត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីបន្ធូរបន្ថយកំដៅហិង្សា ។
ជាមួយគ្នានេះ លោក Guterres ក៏បានព្រមានធ្ងន់ៗផងដែរថា ការវិលត្រឡប់ទៅរកអរិភាពពេញទំហឹងឡើងវិញ នឹងនាំឲ្យមាន “ផលវិបាកដ៏មហន្តរាយ” សម្រាប់ប្រជាជននៅក្នុងតំបន់ សន្តិភាព និងសន្តិសុខអន្តរជាតិ ព្រមទាំងសេដ្ឋកិច្ចសកលលោកទាំងមូល ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
