ជប៉ុន ជោគជ័យបាញ់បង្ហោះ និងចុះចតរ៉ុក្តែត អាចប្រើប្រាស់ឡើងវិញបានលើកដំបូង
តូក្យូ ៖ ទីភ្នាក់ងារអវកាសជប៉ុន នៅថ្ងៃ សៅរ៍ សប្តាហ៍មុន ប្រកាសទទួលបានជោគជ័យជាលើកដំបូង ក្រោយបញ្ចប់ការបាញ់បង្ហោះ និងចុះចតរ៉ុក្តែតអាចប្រើប្រាស់ឡើងវិញបានគំរូដើម ។
ភាពជោគជ័យនេះ គឺជាការបោះជំហានមួយឆ្ពោះទៅមុខ នៅក្នុងបច្ចេកវិទ្យាកាត់បន្ថយការចំណាយ ដែលកំពុងក្តោបក្តាប់ដោយក្រុមអវកាសឯកជន SpaceX របស់មហាសេដ្ឋីពិភពលោក Elon Musk ។
រ៉ុក្តែតគំរូដើមនេះ ត្រូវបានបាញ់បង្ហោះចេញពីទីតាំងសាកល្បងរបស់ទីភ្នាក់ងាររុករកអវកាសជប៉ុន ហៅកាត់ JAXA ក្នុងទីក្រុង Noshiro នៃតំបន់ Akita ។
យោងតាមទីភ្នាក់ងារ JAXA, រ៉ុក្តែតនេះ បានហោះឡើងដល់កម្ពស់ប្រហែល ១០ម៉ែត្រ ហើយបន្ទាប់មកបានចុះចតដោយជោគជ័យ ក្រោយចំណាយពេលសំកាំងខ្លួនលើអាកាសប្រមាណ ៤០វិនាទី ។
លោក Takashi Ito មកពីទីភ្នាក់ងារ JAXA ដែលដឹកនាំការបាញ់បង្ហោះនេះ បានប្រាប់អ្នកសារព័ត៌មានថា ទីភ្នាក់ងារនឹងពិនិត្យទិន្នន័យ ដើម្បីកំណត់យ៉ាងពេញលេញ អំពីភាពជោគជ័យនៃការសាកល្បងនេះ ប៉ុន្តែលោកមានទំនុកចិត្តថា វាទទួលបានទិន្នន័យដែលមានប្រយោជន៍ខ្លាំងណាស់ ។
យោងតាម CNA, រ៉ុក្កែតភាគច្រើនត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់តែម្តងប៉ុណ្ណោះ ដោយសមាសធាតុពួកវា ត្រូវធ្លាក់ចូលទៅក្នុងសមុទ្រ និងឆេះនៅក្នុងបរិយាកាស ឬនៅតែស្ថិតក្នុងគន្លងតារាវិថីជាកម្ទេចកម្ទី ។ ដំណាក់កាលបាញ់បង្ហោះដំបូង ត្រូវបានចាត់ទុកថា ជាសមាសធាតុថ្លៃបំផុត ។
ប៉ុន្តែការដាក់ពង្រាយរ៉ុក្កែតអាចប្រើឡើងវិញបានដោយផ្នែក នឹងកាត់បន្ថយការចំណាយថ្លៃដើមបាញ់បង្ហោះ ខណៈក្រុមហ៊ុន SpaceX របស់សហរដ្ឋអាមេរិក បានដំណើរការរ៉ុក្កែត Falcon 9 ដែលអាចប្រើឡើងវិញបានរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០១៧ ។
ដោយឡែក ប្រទេសចិន ដែលជាមហាយក្សនៅអាស៊ី ក៏ទើបតែទទួលបានជោគជ័យក្នុងការបាញ់បង្ហោះ និងចុះចតរ៉ុក្តែតអាចប្រើប្រាស់ឡើងវិញបានដោយជោគជ័យផងដែរ ដែលនេះជារបកគំឃើញមួយ ដែលអាចប្រកួតប្រជែងនឹងការត្រួតត្រារបស់សហរដ្ឋអាមេរិកនៅក្នុងវិស័យអវកាស ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា