ក្រសួងមុខងារសាធារណៈដាក់ចេញអាទិភាពគន្លឹះ៥ ដើម្បីពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈ
ឆ្លើយតបនឹងបរិបទសកលលោកដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ក្រសួងមុខងារសាធារណៈ បានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះចំនួន ៥ចំណុចយ៉ាងមុតស្រួច ដើម្បីបង្កើនផលិតភាពការងារ និងកសាងប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ ឆ្លើយតបចំតម្រូវការប្រជាពលរដ្ឋ។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល កាលពីសប្តាហ៍មុន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងពីអាទិភាពគន្លឹះទាំង៥ ដើម្បីបង្កើនផលិតភាពការងារ ដើម្បីជំរុញឱ្យការកែទម្រង់រដ្ឋបាលសាធារណៈកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា អាទិភាពទាំងនោះផ្តោតលើការការពង្រឹងសមត្ថភាព និងក្រមសីលធម៌របស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់, ការរៀបចំប្រព័ន្ធការងារឱ្យមានភាពច្បាស់លាស់ និងរលូន, ការបណ្តុះស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ក្នុងអង្គភាព ព្រមទាំងការធ្វើទំនើបកម្មប្រព័ន្ធការងារតាមរយៈឌីជីថលូបនីយកម្ម និងការបំពាក់សម្ភារៈ និងការរៀបចំកន្លែងធ្វើការដែលអំណោយផលដល់ការបំពេញភារកិច្ច។
ជាអ្នកដឹកនាំប្រាកដនិយម ឯកឧត្តម ហ៊ុន ម៉ានី បានទទួលស្គាល់ថា ការកសាងប្រព័ន្ធរដ្ឋបាលសាធារណៈនៅកម្ពុជាមិនទាន់ឈានដល់ភាពល្អឥតខ្ចោះនៅឡើយទេ ហើយតែងតែជួបប្រទះនូវឧបសគ្គ។ ឯកឧត្តម បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ថា នៅក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាស្មុគស្មាញ ដូចជា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសម្ពាធសេដ្ឋកិច្ចសកល កម្ពុជាចាំបាច់បំផុតត្រូវតែងើបឈរ ពង្រឹងកម្លាំងផ្ទៃក្នុង និងធានាឱ្យបាននូវការឯកភាពគ្នា ដើម្បីធ្វើឱ្យប្រព័ន្ធរដ្ឋបាលកាន់តែមានភាពធន់ និងរឹងមាំ អាចទប់ទល់នឹងកត្តាខាងក្រៅបាន។
ឯកឧត្តមលើកឡើងថា ការកសាងភាពធន់វិស័យសាធារណៈ មិនមែនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែកើតចេញពីការត្រៀមលក្ខណៈជាមុន កិច្ចសហការជិតស្និទ្ធ និងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួល។
ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឆ្នាំ២០២៥ គឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការតម្រង់ទិសឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០។ កម្ពុជាបានចាត់ទុកការកែទម្រង់ និងការធ្វើទំនើបកម្ម គឺជាត្រីវិស័យដ៏សំខាន់បំផុត ដើម្បីប្រែក្លាយប្រព័ន្ធរដ្ឋបាលសាធារណៈ ឱ្យទៅជាប្រព័ន្ធតែមួយដែលរឹងមាំ មានការតភ្ជាប់គ្នា បំពេញបន្ថែមឱ្យគ្នា និងជំរុញគ្នាទៅវិញទៅមក ក្រោមស្មារតី «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។
ឯកឧត្តមក៏បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ដែលជាប្រតិបត្តិករគន្លឹះ ត្រូវបន្តអភិវឌ្ឍខ្លួនឱ្យក្លាយជា មូលធនមនុស្សពិតប្រាកដ ពោរពេញដោយសមត្ថភាព ជំនាញវិជ្ជាជីវៈ គុណធម៌ សីលធម៌ និងមានឧត្តមគតិស្នេហាជាតិ ដើម្បីបម្រើផលប្រយោជន៍ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ៕




ដោយ៖ង៉ាន់ ទិត្យ