ហ៊ូធី បាញ់មីស៊ីលនិងដ្រូន ចូលព្រលាន្ត អារ៉ាប៊ី សាអូឌីត សងសឹកចំពោះការវាយប្រហារយន្តហោះអ៊ីរ៉ង់
សាណា ៖ ពួកហ៊ូធីនិយាយកាលពីថ្ងៃចន្ទថា ពួកគេបាញ់មីស៊ីលនិងដ្រូន ទៅលើអាកាសយានដ្ឋាន អាបា របស់ប្រទេស អារ៉ាប៊ី សាអូឌីត ដើម្បីសងសឹកចំពោះការវាយប្រហារយន្តហោះអ៊ីរ៉ង់ នៅក្នុងរដ្ឋធានី សាណា ប្រទេសយេម៉ែន។ ក្រុមប្រដាប់អាវុធ ហ៊ូធី ដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ មានមូលដ្ឋាន នៅក្នុងប្រទេសយេម៉ែន។
តាមរយៈសេចក្តីថ្លែងការណ៍ផ្សាយលើទូរទស្សន៍, លោក Yahya Sarea អ្នកនាំពាក្យយោធា Houthi បានព្រមានថា «ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ កុំឱ្យឆ្លងកាត់ដែនអាកាស អារ៉ាប៊ី សាអូឌីត ហើយជំរុញឱ្យពួកគេយកចិត្តទុកដាក់ ចំពោះការព្រមានទាំងនេះ រហូតដល់ការបិទផ្លូវអាកាសយានដ្ឋានអន្តរជាតិ នៅសាណា ត្រូវបានលើកលែង»។
លោកអះអាងថា ប្រតិបត្តិការវាយប្រហារនេះ សម្រេចបាននូវគោលបំណងរបស់ខ្លួន ដោយជោគជ័យ។
បើតាម Xinhua, ការវិវត្តន៍នេះ បានធ្វើឡើង បន្ទាប់ពីការប្រឈមមុខដាក់គ្នា កាន់តែខ្លាំងឡើងដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃចន្ទ ដោយមានការវាយប្រហារ លើយន្តហោះដឹកអ្នកដំណើរអ៊ីរ៉ង់ ដែលដឹកគណៈប្រតិភូជាន់ខ្ពស់ Houthi ចាកចេញពីទីក្រុងតេហេរ៉ង់ ទៅកាន់ទីក្រុង សាណា (Sanaa)។
យ៉ាងណា រដ្ឋាភិបាលយេម៉ែន ដែលគាំទ្រដោយ ប្រទេស អារ៉ាប៊ី សាអូឌីត បានចោទប្រកាន់អ៊ីរ៉ង់ថា បានរំលោភលើអធិបតេយ្យភាព របស់ប្រទេសយេម៉ែន ដោយប្រតិបត្តិការជើងហោះហើរត្រង់ទៅកាន់ទីក្រុងសាណា ដែលគ្រប់គ្រងដោយក្រុមហ៊ូធី ហើយបានចោទប្រកាន់ថា ជើងហោះហើរបែបនេះអាចត្រូវបានប្រើ ដើម្បីដឹកជញ្ជូនបុគ្គលិកយោធា និង អ្នកជំនាញបច្ចេកទេស។
ប៉ុន្តែ ក្រុម ហ៊ូធី បានបដិសេធការចោទប្រកាន់ទាំងនេះ៕
ប្រភព៖ AFP, Xnihua ប្រែសម្រួល ៖ សារ៉ាត
