លោក ត្រាំ ថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នៅតែអាចធ្វើទៅបាន ទោះផ្ទុះអាវុធដាក់គ្នាជាថ្មី
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងជាមួយទីក្រុងតេហេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា នៅតែអាចធ្វើទៅបាន ទោះបីជាបានបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ និង ដាក់ការបិទផ្លូវកំពង់ផែអ៊ីរ៉ង់ ឡើងវិញក៏ដោយ។
លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងការិយាល័យ Oval ថា «មែនហើយ ខ្ញុំគិតថា កិច្ចព្រមព្រៀងមួយអាចធ្វើទៅបាន។ ពិតណាស់ ខ្ញុំធ្វើបាន …យើងមានកិច្ចព្រមព្រៀងជាមួយពួកគេ កាលពី ២ថ្ងៃមុន ហើយបន្ទាប់មក ពួកគេបាននិយាយថា យើងមិនអាចធ្វើកិច្ចព្រមព្រៀងនោះបានវិញ ដូច្នេះ យើងត្រូវតែចរចា បន្ថែមទៀត »។
លោក Esmaeil Baqaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយ កាលពីព្រឹកថ្ងៃចន្ទដែរថា អនុស្សរណៈនៃការយោគយល់គ្នា ខែមិថុនា ដែលបានបង្កើតជាមូលដ្ឋានសម្រាប់ការចរចា និង បានលើកការបិទផ្លូវរបស់សហរដ្ឋអាមេរិក គឺ «ស្ថិតក្នុងវិបត្តិ»។
លោក Baqaei បាននិយាយថា អ៊ីរ៉ង់នឹងមិនអើពើនឹងកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងនេះទេ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនធ្វើដូចគ្នា ប៉ុន្តែ បានបន្ថែមថា ទីក្រុងតេហេរ៉ង់កំពុងបន្តការចរចា ជាមួយអ្នកសម្របសម្រួល មកពីប្រទេសកាតា, ប៉ាគីស្ថាន និងអូម៉ង់ ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀត។
អ្នកវិភាគ បាននិយាយថា ការវាយប្រហារដែលកំពុងកើនឡើង នឹងគ្រាន់តែពន្យារពេលកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ប៉ុណ្ណោះ។
លោក Bader Al-Saif សហការីនៅ Chatham House បាននិយាយថា «ភាគីទាំងពីរចង់បញ្ចប់ភាពជាប់គាំងតាមលក្ខខណ្ឌផ្ទាល់ខ្លួន ហើយពួកគេកាន់តែពិបាកក្នុងការធ្វើដូច្នេះ ដូច្នេះហើយ វាជាការវិលត្រឡប់ទៅរកកើនឡើង នៃ ទំហំនៃការវាយប្រហារ»៕
ប្រភព៖ AFP ប្រែសម្រួល ៖ សារ៉ាត
