លោក ពូទីន សន្យាសងសឹកកាន់តែខ្លាំងក្លា ប្រសិនបើ អ៊ុយក្រែន បន្តវាយចូលជ្រៅក្នុងទឹកដី រុស្ស៊ី
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានធ្ងន់ៗថា រាល់ការវាយប្រហារណាមួយពីសំណាក់ភាគីអ៊ុយក្រែនចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី នឹងត្រូវប្រឈមមុខនូវការវាយបកសងសឹកវិញ ក្នុងកម្រិតកាន់តែខ្លាំងក្លាជាងមុនឆ្ងាយណាស់ ។
ការព្រមានរបស់លោក ពូទីន ធ្វើឡើងនៅពេលចូលរួមវេទិកា “អ្វីៗគ្រប់យ៉ាងដើម្បីជ័យជម្នះ!” កាលពីថ្ងៃ ចន្ទ ដោយលោកបានលើកឡើងពីបញ្ហាជម្លោះនៅអ៊ុយក្រែន និងការឆ្លើយតបរបស់រុស្ស៊ី ចំពោះការគាំទ្រនៃប្រទេសលោកខាងលិចដល់ទីក្រុងកៀវ ។
បើតាម RT, លោក ពូទីន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ការឆ្លើយតបរបស់យើងតែងតែឆ្លុះបញ្ចាំងពីការវាយប្រហារណាមួយមកលើទឹកដីរុស្ស៊ី ។ យើងនឹងវាយបកវិញក្នុងទម្រង់ដូចគ្នា ប៉ុន្តែមានឥទ្ធិពលខ្លាំងជាងមុនជាច្រើនដង ។
លោកបន្ថែមថា សត្រូវនឹងដឹងពីឥទ្ធិពលនេះ ហើយខ្ញុំសង្ឃឹមថា ពួកគេនឹងកាន់តែដឹងច្បាស់បន្ថែមទៀតនាពេលអនាគត ។
ពាក់ព័ន្ធនឹងការគាំទ្ររបស់លោកខាងលិចដល់អ៊ុយក្រែន មេដឹកនាំរុស្ស៊ីរូបនេះ បានអះអាងថា កម្លាំងរុស្ស៊ីបានស្ថិតនៅលើផ្លូវឆ្ពោះទៅរកជ័យជម្នះ ទោះបីជាត្រូវប្រឈមមុខនូវការលំបាកក៏ដោយ ។
លោក ពូទីន ដែលមានវ័យ៧៣ឆ្នាំរូបនេះ បានបញ្ជាក់ទៀតថា ទោះបីជាមានសម្ពាធសេដ្ឋកិច្ច និងទណ្ឌកម្មធ្ងន់ធ្ងរមិនធ្លាប់មានក៏ដោយ ក៏រុស្ស៊ីកំពុងតែប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ច ធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ និងពង្រីកឧស្សាហកម្មការពារជាតិ ។
លោកថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ កំពុងតែផ្លាស់ប្តូរស្ថានភាពនៅលើសមរភូមិរួចស្រេចទៅហើយ ខណៈពេលដែលកងទ័ពរបស់រុស្ស៊ីកំពុងតែវាយលុកទៅមុខ ដូច្នេះគ្មានសង្ស័យឡើយ ដែលថា រុស្ស៊ីនឹងសម្រេចបាននូវជ័យជម្នះ ៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

