បារាំង ដាក់គោលដៅចំណាយ ៧៤ ពាន់លានដុល្លារ ពង្រឹងវិស័យការពារជាតិនៅឆ្នាំ ២០២៧
ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសកាលពីថ្ងៃ ចន្ទ ថា ប្រទេសរបស់លោកនឹងបង្កើនការចំណាយលើវិស័យយោធាឱ្យស្ទុះឡើងទ្វេភាគី ពោលកើនឡើងរហូតដល់ជាង ៧៤ ពាន់លានដុល្លារនៅឆ្នាំ ២០២៧ ។
លោក ម៉ាក្រុង បានប្រាប់កងកម្លាំងប្រដាប់អាវុធ នៅមុនថ្ងៃបុណ្យជាតិបារាំង (Bastille Day) ថា ខ្ញុំបានស្នើពន្លឿនការពង្រឹងវិស័យការពារជាតិថែមទៀត ហើយបានរំកិលមហិច្ឆតា ដែលដើមឡើយគ្រោងធ្វើនៅឆ្នាំ ២០៣០ ឱ្យមកត្រឹមឆ្នាំ២០២៧វិញ ជាមួយនឹងការបង្កើនកញ្ចប់ថវិកាជាង ៧៤ ពាន់លានដុល្លារ សម្រាប់កងកម្លាំងប្រដាប់អាវុធបារាំង ។
មេដឹកនាំបារាំងរូបនេះ បានរំលឹកថា ប្រទេសបារាំងបានសម្រេចរួចរាល់ហើយ នូវការប្តេជ្ញាចិត្តកាលពីមុន ដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិឱ្យដល់ ២% នៃផលិតផលក្នុងស្រុកសរុប (GDP) ត្រឹមឆ្នាំ ២០២៥ ។
លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា សន្ទុះវិនិយោគលើវិស័យការពារជាតិដ៏ធំនេះ បានអនុញ្ញាតឱ្យប្រទេសបារាំង អាចពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន មុនពេលមានវិបត្តិអន្តរជាតិនានាផ្ទុះឡើង ។
ប្រធានាធិបតីបារាំងមានវ័យ៤៧ឆ្នាំរូបនេះ បានលើកឡើងដោយសំដៅលើសង្គ្រាមនៅអ៊ុយក្រែន អស្ថិរភាពក្នុងតំបន់ Sahel និងភាពតានតឹងនៅមជ្ឈិមបូព៌ាថា មុនពេលភ្លើងជម្លោះទាំងនោះ ឆេះរីករាលដាលមកកាន់ទឹកដីអឺរ៉ុបជាថ្មី បារាំងបានចាប់ផ្តើមការបំពាក់អាវុធឡើងវិញរួចស្រេចទៅហើយ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
