សម្តេចតេជោ ហ៊ុន សែន បង្ហាញពីតួនាទីមិនអាចខ្វះបានរបស់ជប៉ុនក្នុងការអភិវឌ្ឍកម្ពុជា
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី១៤ ខែកក្កដាបានអនុញ្ញាតឱ្យឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី(UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងជម្រាបលានៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ ក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូត។
ក្រោយជំនួបនេះ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងថា ក្នុងឱកាសជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា តាមរយៈការមកដល់កម្ពុជាតាំងពីឆ្នាំ១៩៩១ ឯកឧត្តមមិននឹកស្មានថា រយៈពេលជាង ៣០ឆ្នាំមកនេះ កម្ពុជាអាចមានការរីកចម្រើនយ៉ាងលឿនដូចបច្ចុប្បន្ននោះទេ។
ក្នុងជំនួបនេះដែរសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ីដែលបានខិតខំប្រឹងប្រែងពូនជ្រំទំនាក់ទំនងទ្វេភាគី ឱ្យប្រែក្លាយទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ សម្តេចតេជកបានគូសបញ្ជាក់ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្ពុជាដូចជា ការស្វែងរកសន្តិភាព និងដោះស្រាយបញ្ហាផ្ទៃក្នុង,ការគាំទ្រលើសកម្មភាពបោសសម្អាតមីន ពិសេសពុំអាចកាត់ផ្តាច់បាននូវតួនាទីរបស់ជប៉ុនក្នុងការចូលរួម កសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដូចជា ផ្លូវ ស្ពាន និងកំពង់ផែជាដើម។
សម្តេចតេជោប្រធានព្រឹទ្ធសភា សង្ឃឹមថា ទោះបីជាត្រូវបញ្ចប់អាណត្តិការទូតក៏ដោយ ឯកឧត្តមអគ្គរាជទូត នឹងនៅតែចងចាំនូវអនុស្សាវរីយ៍ដ៏ល្អៗ និងបន្តគាំទ្រដល់វឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀតនាពេលអនាគត៕










ដោយ៖ស៊ូវណ្ណលុក