អាល្លឺម៉ង់ចាត់ទុកកម្ពុជា ជាកន្លែងមនោរម្យសម្រាប់អ្នកចូលនិវត្តន៍
ភ្នំពេញ៖ប្រទេសកម្ពុជាបាននឹងកំពុងស្ថិតក្នុងបញ្ជីជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ប្រជាជនអាល្លឺម៉ង់ ជាពិសេស សម្រាប់ក្រុមអ្នកចូលនិវត្តន៍ ដែលសម្លឹងឃើញទឹកដីមួយនេះ គឺជាទីកន្លែងដ៏សែនមនោរម្យសម្រាប់ការមកទស្សនា និងលំហែ កាយ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបថា សេចក្តីរំលេចដ៏គួរឱ្យចាប់អារម្មណ៍នេះ ត្រូវបានលើកឡើងដោយ ឯកឧត្តម ស្ដេហ្វាន ម៉េសសេរឺ (Stefan MESSERER) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្រោយបញ្ចប់បេសកកម្មការទូតរយៈពេល ៤ឆ្នាំ ដែលពោរពេញដោយសមិទ្ធផលផ្លែផ្កា ទាំងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍។
ឯកឧត្តមបន្តថា ក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាលនោះ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ឯកឧត្តមទូតដែលបានធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែរីកចម្រើន។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ គឺជាស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយសម្តេចសង្ឃឹមថា នឹងមានអ្នកវិនិយោគអាល្លឺម៉ង់មកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងតែជួយជ្រោមជ្រែងកម្ពុជានាពេលកន្លងមកជាពិសេសលើការកែទម្រង់រដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ និងការចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍជនបទ៕







ដោយ៖ស៊ូ វណ្ណលុក