រដ្ឋាភិបាលនឹងដំឡើងអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យ ប្រហែល១ពាន់គីឡូម៉ែត្រ នៅក្នុង១៣រាជធានី-ខេត្ត
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពល នឹងផ្ដល់ថវិកាចំនួន ៥លានដុល្លារ ដើម្បីដំឡើងអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យ នៅតាមបណ្តាញផ្លូវថ្នល់សរុបប្រមាណ ១ពាន់គីឡូម៉ែត្រ នៅក្នុងរាជធានី-ខេត្ត ចំនួន ១៣ ជាពិសេសបណ្ដាខេត្តជាប់បឹងទន្លេសាប។
គម្រោងដំឡើងភ្លើងបំភ្លឺដោយប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្តាញផ្លូវសាធារណៈ និងផ្លូវថ្នល់នានា ត្រូវបានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល និងក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា សម្រាប់ថវិកា ៥លានដុល្លារនេះ គឺជាជំហ៊ានដំបូងដែលផ្ដល់អាទិភាពដល់បណ្ដោយផ្លូវថ្នល់ដែលទើបនឹងសាងសង់រួច ដើម្បីជាការសម្រួលដល់ការចំណាយរបស់រដ្ឋបាលខេត្តនីមួយៗ ក្នុងនោះមានខេត្តពោធិ៍សាត់,បាត់ដំបង,បន្ទាយមានជ័យ,កំពង់ចាម,សៀមរាប,កំពង់ធំ,កណ្ដាល,កំពង់ស្ពឺ,តាកែវ,ព្រះសីហនុ,កោះកុង,កំពត និងកែប។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បញ្ជាក់ថា ការចុះអនុស្សរណៈនេះ គឺជាកិច្ចសហប្រតិបត្តិការ ក្នុងការជួយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងសន្តិសុខតាមបណ្តាញផ្លូវសាធារណៈ ជាពិសេសរួមចំណែកកាត់បន្ថយគ្រោះថា្នក់ពេលយប់ តាមបណ្តាញផ្លូវថ្នល់។
បច្ចុប្បន្ន សមត្ថភាពផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា មានប្រភពប្រមាណ ៦,៣០០ មេហ្គាវ៉ាត់ ខណៈដែលប្រភពថាមពលកកើតឡើងវិញមានប្រមាណ ៤,០០០ មេហ្គាវ៉ាត់ ស្មើនឹងប្រហែល ៦៣% នៃថាមពលសរុប ក្នុងនោះរួមមាន៖ ថាមពលវារីអគ្គិសនី ៣៣% ថាមពលពន្លឺព្រះអាទិត្យ ៣០%។ កម្ពុជាត្រូវបានចាត់ទុកជាប្រទេសមួយដែលឈរក្នុងលំដាប់ខ្ពស់ក្នុងពិភពលោក លើការផ្គត់ផ្គង់ថាមពលស្អាត។ នេះបើតាមក្រសួងរ៉ែ និងថាមពល៕
ខន ណារី AMS





