ឥណ្ឌា ជាប្រទេសមានទ័ពអាកាសខ្លាំងបំផុតលំដាប់ទី ៣ តាមពីក្រោយ អាមេរិក និងរុស្ស៊ី
ញូវដែលី ៖ កងទ័ពអាកាសឥណ្ឌា ហៅកាត់ IAF នៅតែរក្សាតំណែងរបស់ខ្លួន ក្នុងនាមជាប្រទេសមានកងទ័ពអាកាស ដែលមានឥទ្ធិពលបំផុតលំដាប់ទី ៣ នៅលើពិភពលោក ក្នុងរយៈពេល ៥ឆ្នាំជាប់ៗគ្នា ។
បើតាមរបាយការណ៍ចំណាត់ថ្នាក់មហាអំណាចដែនអាកាសសកលឆ្នាំ ២០២៦, ការវាយតម្លៃនេះផ្ដោតចម្បងទៅលើកត្តាគុណភាព សមត្ថភាពប្រយុទ្ធ ការធ្វើទំនើបកម្ម ប្រព័ន្ធភស្តុភារ ការបណ្ដុះបណ្ដាលពីឡុត និងភាពចម្រុះនៃប្រភេទយន្តហោះជាដើម ។
ការវាយតម្លៃនេះធ្វើឡើងទៅលើសេវាកម្មអាកាសចរណ៍ចំនួន ១២៩ នៅក្នុងប្រទេសចំនួន ១០៣ និងបានវិភាគលើយន្តហោះយោធាជាង ៤៨,០០០ គ្រឿងនៅទូទាំងពិភពលោក ។
តាមរយៈការវាយតម្លៃទាំងនេះ បានដាក់ចំណាត់ថ្នាក់កងទ័ពអាកាសឥណ្ឌា នៅពីក្រោយតែសហរដ្ឋអាមេរិក និងរុស្ស៊ីប៉ុណ្ណោះ ប៉ុន្តែបានបន្តនាំមុខកងទ័ពអាកាសចិន ដែលស្ថិតនៅលេខរៀងទី៧ និងកងទ័ពអាកាសប៉ាគីស្ថាន ឈរនៅលេខរៀងទី១៨ ។
បើតាម Economic Times, បច្ចុប្បន្ននេះ កងទ័ពអាកាសឥណ្ឌា បានដាក់ដំណើរការយន្តហោះចំនួន ១,៧១៦ គ្រឿង ក្នុងនោះមានយន្តហោះចម្បាំងចំនួន ៥៤២ គ្រឿង ដែលបែងចែកជា ៧ ប្រភេទខុសៗគ្នា ៕
ប្រភព ៖ Economic Times ប្រែសម្រួល ៖ ឈឹម ទីណា
