អ៊ីរ៉ង់ ថា បានបំផ្លាញស្តុកអាវុធអាមេរិកយ៉ាងចាស់ដៃ នៅបារ៉ែន និងកូវ៉ែត

តេហេរ៉ង់ ៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ហៅកាត់ IRGC និយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបំផ្លាញអាវុធ និងយន្តហោះគ្មានមនុស្សបើកយ៉ាងច្រើន របស់សហរដ្ឋអាមេរិក អំឡុងការវាយប្រហារនៅប្រទេសបារ៉ែន និងកូវ៉ែត ចំពេលមានការកើនឡើង រវាងទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោន។

កងកម្លាំង IRGC បានអះអាង តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA រៀបរាប់ថា «ឃ្លាំងស្តុកអាវុធ និងគ្រឿងបន្លាស់ជាច្រើនសម្រាប់នាវា និងយន្តហោះសត្រូវ ត្រូវបានបំផ្លាញនៅមូលដ្ឋាន Sheikh Isa ក្នុងប្រទេសបារ៉ែន ក្នុងអំឡុងពេលប្រតិបត្តិការបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ក្នុងពេលដំណាលគ្នា កាលពីប៉ុន្មានម៉ោងមុន»។

IRGC បាននិយាយថា កងកម្លាំងរបស់ខ្លួនក៏បានបំផ្លាញយន្តហោះគ្មានមនុស្សបើកមួយចំនួន ដោយការវាយប្រហារលើផ្លូវជម្រាល ជាទីដែលយន្តហោះគ្មានមនុស្សបើក MQ9 របស់សត្រូវត្រូវបានដាក់ពង្រាយ នៅឯមូលដ្ឋាន Ali Salem ក្នុងប្រទេសកូវ៉ែត។

គុយវ៉ែត មុននេះ ក៏បាននិយាយដែរថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានវាយប្រហារ គោលដៅផ្លូវអាកាសរបស់អរិភាព ខណៈពេលដែលស៊ីរ៉ែនបានបន្លឺឡើង ជាលើកទីបួន ក្នុងប្រទេសបារ៉ែន នៅល្ងាចថ្ងៃអង្គារ។

បើតាម Anadolu, ការវាយប្រហារទាំងនេះបានកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់ លើច្រកសមុទ្រ Hormuz ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយភាគីទាំងពីរបានផ្លាស់ប្តូរការវាយប្រហារ ទោះបីជាមានអនុស្សរណៈនៃការយោគយល់គ្នា សម្របសម្រួលដោយប៉ាគីស្ថាន ដែលមានគោលបំណងបញ្ចប់ជម្លោះ និង ឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង ក៏ដោយ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner