អ៊ុយក្រែន ថ្កោលទោស អ៊ីរ៉ង់ វាយប្រហារកប៉ាល់ដឹកប្រេង អេមីរ៉ាត់ អារ៉ាប់រួម នៅច្រកសមុទ្រ ហ័រមូស
កៀវ ៖ ប្រមុខការទូតកំពូលអ៊ុយក្រែន នៅថ្ងៃ អង្គារ ប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ទៅលើនាវាដឹកប្រេងចំនួនពីរគ្រឿងរបស់អេមីរ៉ាតអារ៉ាប់រួម នៅតំបន់ច្រកសមុទ្រ Hormuz ដែលបានបណ្តាលឱ្យជនជាតិអ៊ុយក្រែនពីរនាក់រងរបួស ។
ការថ្កោលទោសនេះ កើតឡើងបន្ទាប់ពីភាគីអេមីរ៉ាតអារ៉ាប់រួមប្រកាសថា នាវាដឹកប្រេងរបស់ខ្លួនចំនួនពីរគ្រឿង ដែលមានឈ្មោះថា Mombasa និង Al Bahiyah បានរងការវាយប្រហារដោយមីស៊ីលនាំផ្លូវចំនួនពីរគ្រាប់ នៅពេលកំពុងធ្វើដំណើរឆ្លងកាត់ខ្សែទឹកខាងត្បូងនៃច្រកសមុទ្រ Hormuz ក្នុងដែនទឹកទឹកដីរបស់ប្រទេសអូម៉ង់ ។
បើតាមក្រសួងការបរទេសអេមីរ៉ាត់អារ៉ាប់រួម, នាវិកជនជាតិឥណ្ឌាម្នាក់បានបាត់បង់ជីវិត និង៨នាក់ផ្សេងទៀតរងរបួស ក្នុងនោះរួមមានទាំងជនជាតិអ៊ុយក្រែនពីរនាក់ផងដែរ ។
ឆ្លើយតបបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពបង្កអរិភាពនានា និងទាមទារឱ្យបើកច្រកផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់នេះឡើងវិញទាំងស្រុង ។
ទន្ទឹមគ្នា អេមីរ៉ាត់អារ៉ាប់រួមក៏បានអំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់នូវអ្វីដែលខ្លួនបានពិពណ៌នាថា ជា “ការវាយប្រហារដ៏ឃោឃៅ” ព្រមទាំងបញ្ឈប់រាល់អរិភាពទាំងស្រុង និងបើកច្រកសមុទ្រ Hormuz ឡើងវិញដោយគ្មានលក្ខខណ្ឌ ដើម្បីធានាសន្តិសុខក្នុងតំបន់ ក៏ដូចជាលំហូរពាណិជ្ជកម្មសកលដោយគ្មានការរំខាន ។
ទោះបីជាយ៉ាងណា ភាគីអ៊ីរ៉ង់មិនបានបញ្ជាក់ឱ្យច្បាស់ ថាតើនាវាដឹកប្រេងទាំងពីរគ្រឿងនោះ រងការវាយប្រហារដោយរបៀបណា ឬប្រកាសទទួលខុសត្រូវទាំងស្រុង ចំពោះការវាយប្រហារនេះនៅឡើយទេ ។
គួរបញ្ជាក់ថា ឧប្បត្តិហេតុចុងក្រោយនេះ បានកើតឡើងចំពេលមានភាពតានតឹងសាជាថ្មី ពាក់ព័ន្ធនឹងបញ្ហាច្រកសមុទ្រ Hormuz ក្រោយការផ្ទុះសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

