កូរ៉េខាងជើង ប្រាប់ឱ្យ អាមេរិក និងសម្ព័ន្ធមិត្តរំលាយអាវុធនុយក្លេអ៊ែរមុនទៅ ទើបខ្លួនព្រមធ្វើតាមក្រោយ
ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងបានប្រកាសកាលពីថ្ងៃអង្គារថា ការលុបបំបាត់អាវុធនុយក្លេអ៊ែរ គួរតែផ្តើមចេញពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេជាមុនសិន ទើបទីក្រុងព្យុងយ៉ាងសុខចិត្តធ្វើតាមក្រោយ ។
ការប្រកាសរបស់កូរ៉េខាងជើងត្រូវបានធ្វើឡើង ក្រោយពេលប្រទេសមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃមួយនេះ ចេញមុខថ្កោលទោសសហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្តចំពោះការពង្រឹងប្លុកយោធា និងការពន្លឿនសន្ទុះផលិតអាវុធថ្មីៗ ក្នុងកិច្ចប្រជុំកំពូលណាតូ កាលពីសប្តាហ៍មុន ។
កូរ៉េខាងជើងអះអាងថា ខ្លួនគ្មានផ្លូវបោះបង់ចោលអាវុធនុយក្លេអ៊ែរជាដាច់ខាត ហើយថា កិច្ចប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរ គួរតែចាប់ផ្តើមមុនជាមួយសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តរបស់ពួកគេ ។
ក្រៅពីមិនរំលាយអាវុធនុយក្លេអ៊ែរ, កូរ៉េខាងជើងថែមទាំងដាក់ចេញវិធានការពង្រឹងសមត្ថភាពកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ទាំងបរិមាណ និងគុណភាព ខណៈពេលដែលលោកប្រមុខរដ្ឋ Kim Jong Un ក៏បានអំពាវនាវឱ្យយោធារបស់ខ្លួន បន្តការធ្វើទំនើបកម្មយោធា និងសព្វាវុធផងដែរ ។
យោងតាមគេហទំព័រ ICAN, គិតត្រឹមឆ្នាំ ២០២៦ មានប្រទេសចំនួន ៩ នៅលើពិភពលោក ដែលមានអាវុធ និងក្បាលគ្រាប់នុយក្លេអ៊ែរ ។ ក្នុងនោះរដ្ឋជាសមាជិកអង្គការណាតូចំនួន ៣ គឺសហរដ្ឋអាមេរិក បារាំង និងចក្រភពអង់គ្លេស សុទ្ធសឹងតែមានអាវុធនុយក្លេអ៊ែរ ។
ប្រទេសទាំង ៩ បានកាន់កាប់ក្បាលគ្រាប់នុយក្លេអ៊ែរសរុបរួមគ្នាជិត ១២,២០០ គ្រាប់ ក្នុងនោះមហាអំណាចរុស្ស៊ី និងសហរដ្ឋអាមេរិក មាននៅក្នុងដៃច្រើនជាងគេ ពោល ប្រហែល ៨៦% នៃចំនួនសរុបទូទាំងពិភពលោក ៕
ប្រភព ៖ Straits Times និង ICAN ប្រែសម្រួល ៖ ឈឹម ទីណា

