សភាអាមេរិកបដិសេធ សំណើកែប្រែច្បាប់លុបជំនួយយោធា ជាង៣ពាន់លានដុល្លារ ឲ្យអ៊ីស្រាអែល
វ៉ាស៊ីនតោន ៖ សភាអាមេរិក បានបដិសេធវិសោធនកម្មច្បាប់ ដែលប៉ុនប៉ងលុបចោលជំនួយយោធាចំនួន ៣,៣ ពាន់លានដុល្លារ របស់សហរដ្ឋអាមេរិក ដល់ប្រទេសអ៊ីស្រាអែល។
សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានបដិសេធសំណើកែប្រែច្បាប់មួយរបស់តំណាងរាស្ត្រ មកពីគណបក្សសាធារណរដ្ឋ គឺ លោក Thomas Massie ដែលមានគោលបំណងលុបចោលជំនួយយោធាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ចំនួន ៣,៣ ពាន់លានដុល្លារ សម្រាប់ប្រទេសអ៊ីស្រាអែល។
សភាជាន់ទាបបានបោះឆ្នោត ក្នុងសំឡេង ៣១៤ ទល់នឹង ១០៤ ប្រឆាំងនឹងសំណើកែប្រែនេះ ខណៈដែលមានសមាជិកចំនួន ១០ នាក់ បានបោះឆ្នោតអនុប្បវាទ។
លោក Hakeem Jeffries ដែលជាមេដឹកនាំគណបក្សប្រជាធិបតេយ្យប្រចាំសភា បានបោះឆ្នោតប្រឆាំងនឹងសំណើកែប្រែនេះ។
ទន្ទឹមនឹងនេះ លោកស្រី Katherine Clark ដែលជាមន្ត្រីទទួលបន្ទុកផ្នែកវិន័យបក្ស របស់គណបក្សប្រជាធិបតេយ្យប្រចាំសភា រួមជាមួយសមាជិកបក្សប្រជាធិបតេយ្យចំនួន ១០២ នាក់ផ្សេងទៀត និងលោក Massie ដែលជាអ្នកស្នើវិធានការនេះ បានបោះឆ្នោតគាំទ្រឲ្យកែប្រែ។
បើតាម Anadolu, សហរដ្ឋអាមេរិកត្រូវបានគេរិះគន់ជាយូរមកហើយ ចំពោះការផ្តល់ការគាំទ្រដល់អ៊ីស្រាអែល នៅក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សា ដែលទីកន្លែងដែលមនុស្សជាង ៧៣.០០០ នាក់ (ភាគច្រើនជាស្ត្រី និងកុមារ) ត្រូវបានសម្លាប់ ចាប់តាំងពីទីក្រុង Tel Aviv បានចាប់ផ្តើមសង្គ្រាមប្រល័យពូជសាសន៍ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ មក៕
ប្រភព៖ Anadolu, ប្រែសម្រួល ៖ សារ៉ាត
