លោក ណេតាន់យ៉ាហ៊ូ នឹងទៅអាមេរិកចុងសប្តាហ៍នេះ ខណៈលោក ត្រាំ ប្រាប់អ៊ីស្រាអែលឱ្យដកទ័ពចេញពីលីបង់ និងស៊ីរី
ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ មានគម្រោងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក នៅយប់ថ្ងៃ សៅរ៍ ចុងសប្តាហ៍នេះ ហើយបន្តស្នាក់នៅក្នុងទីក្រុងវ៉ាស៊ីនតោន រហូតដល់ថ្ងៃ អង្គារ សប្តាហ៍ក្រោយ ។
ដំណឹងនៃដំណើរទស្សនកិច្ចរបស់លោក ណេតាន់យ៉ាហ៊ូ កើតឡើងបន្ទាប់ពីសារព័ត៌មាន Axios ចេញផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា កងទ័ពអ៊ីស្រាអែលគួរតែដកចេញពីប្រទេសស៊ីរី និងលីបង់ ។
បើតាម Jerusalem Post, លោក ណេតាន់យ៉ាហ៊ូ ត្រូវបានរំពឹងថា នឹងអញ្ជើញចូលរួមក្នុងពិធីបុណ្យសព និងកម្មវិធីរំលឹកវិញ្ញាណក្ខន្ធរបស់លោក លីនស៊ី ក្រាហែម Lindsey Graham សមាជិកព្រឹទ្ធសភាអាមេរិកដ៏លេចធ្លោមួយរូប ដែលជាអ្នកគាំទ្រដ៏ងប់ងល់របស់អ៊ីស្រាអែល ។
លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ ក៏ត្រូវបានគេរំពឹងថា កំពុងស្វែងរកការរៀបចំជំនួបពិភាក្សាជាមួយលោកប្រធានាធិបតី ត្រាំ ផងដែរ ប៉ុន្តែគិតមកទល់ពេលនេះ របៀបវារៈនៃជំនួបផ្លូវការរវាងមេដឹកនាំទាំងពីរមិនទាន់ត្រូវបានកំណត់ជាផ្លូវការនៅឡើយទេ ។
គួរបញ្ជាក់ថា គម្រោងធ្វើដំណើរទស្សនកិច្ចរបស់លោក ណេតាន់យ៉ាហ៊ូ កើតឡើងចំពេលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានកើនឡើងកម្តៅជាថ្មីក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជុំវិញបញ្ហានៅច្រកសមុទ្រ Hormuz ។
ភាគីជម្លោះទាំងសងខាងបានបន្តវាយប្រហារគ្នាទៅវិញទៅមក បើទោះបីជាមានការចុះអនុស្សរណៈយោគយល់ ដើម្បីបន្តចរចាឆ្ពោះទៅរកការបញ្ចប់សង្គ្រាមក៏ដោយ ៕
ប្រភព ៖ Jerusalem Post ប្រែសម្រួល ៖ ឈឹម ទីណា

