ហ្វីលីពីន នឹងខិតខំប្រឹងប្រែងជួយជំរុញនូវការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ
ភ្នំពេញ៖ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជាបានបញ្ជាក់ជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាថា ក្នុងឋានៈហ្វីលីពីនជាប្រធានអាស៊ាន ហ្វីលីពីននឹងខិតខំប្រឹងប្រែងជួយជំរុញនូវការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ។ការបញ្ជាក់នេះក្នុង
ឱកាសលោកជំទាវទូតហ្វីលីពីនជួបសម្ដេចតេជោដើម្បីសម្ដែងការគួរសម និងជម្រាប។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មានថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ហ្វើ្លរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកជំទាវត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ។
ក្នុងជំនួបនោះលោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីនបានលើកឡើងថា ក្នុងអាណត្តិរបស់លោកជំទាវកន្លងមកនេះ បានបង្ហាញយ៉ាងច្បាស់ នូវទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនកាន់តែរីកចម្រើន តាមរយៈការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ជាពិសេស ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនមកកាន់កម្ពុជា និងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន ។កម្រិតនៃការផ្លាស់ប្ដូរទំនាក់ទំនងផ្នែកទស្សនកិច្ចនេះ បានកើតឡើងជាញឹកញាប់ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសទាំងពីរមានភាពរឹងមាំ។
បន្ថែមពីលើនេះលោកជំទាវក៏បានលើកឡើងផងដែរទាក់ទងទៅនឹងទំនាក់ទំនងនៅក្នុងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលកម្ពុជា និងហ្វីលីពីនដែលកំពុងតែបោះជំហានទៅមុខជាមួយគ្នា។ហ្វីលីពីនចាប់អារម្មណ៍ទៅលើ ផលិតផលកសិកម្មរបស់កម្ពុជា ហើយសង្ឃឹមថា ទំហំ នៃការនាំចេញនឹងមានការកើនឡើងបន្តទៀត។
ចំណែកសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៅកាន់លោកជំទាវទូតដោយចាត់ទុកសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាស្នូលនៃទំនាក់ទំនង រវាងកម្ពុជា និងហ្វីលីពីន បន្ថែមពីនេះ សម្ដេចសង្ឃឹមថា ផលិតផលកសិកម្ម និងការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន ជាពិសេស គឺអង្ករនឹងបន្តកើនឡើង ជាបន្តទៀត ។
សម្ដេចតេជោ ក៏បានជំរុញបន្ថែមទៀត ឱ្យមានការពង្រីកនូវជើងហោះហើររវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើង លោកជំទាវទូតបានជម្រាបសម្ដេចតេជោថា ប្រទេសកម្ពុជា គឺជាគោលដៅដ៏ចាប់អារម្មណ៍មួយសម្រាប់ប្រជាជនហ្វីលីពីនក្នុងការមកទស្សនា។
ក្នុងជំនួបដដែលចំណុចសំខាន់មួយទៀតដែល សម្ដេចតេជោបានលើកឡើងគឺបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។សម្ដេច តេជោ ហ៊ុន សែន បានពន្យល់ទៅកាន់លោកជំទាវអគ្គរដ្ឋទូតហ្វីលីពីនដោយបញ្ជាក់នូវជំហររបស់កម្ពុជា គឺប្រកាន់យកនូវការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ និងផ្អែកទៅលើយន្តការដែលមានស្រាប់ដែលភាគីទាំងពីរ បានព្រមព្រៀងគ្នានាពេលកន្លងមក ។
ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ លោកជំទាវ បានបញ្ជាក់នៅចំពោះមុខសម្ដេចតេជោថា ក្នុងឋានៈហ្វីលីពីន ជាប្រធានអាស៊ាន នឹងខិតខំប្រឹងប្រែងក្នុងការជួយជំរុញ នូវការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ៕







ដោយ៖ស៊ូវណ្ណលុក