សំណាញ់មេឃអ៊ីរ៉ង់ បាញ់ទម្លាក់ដ្រូនចារកម្ម MQ-9 អាមេរិក តម្លៃខ្ទង់ ៥០ លានដុល្លារ
តេហេរ៉ង់ ៖ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ហៅកាត់ IRGC នៅថ្ងៃ ព្រហស្បតិ៍ បានប្រកាសក្តែងៗថា សំណាញ់មេឃរបស់អ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក MQ-9 Reaper មួយគ្រឿងរបស់សហរដ្ឋអាមេរិក ឱ្យធ្លាក់រាបដល់ដី នៅពេលវាហោះសំកាំងខ្លួនពីលើផ្ទៃមេឃនៃទីក្រុង Andimeshk ។
បើតាម Anadolu, ការិយាល័យទំនាក់ទំនងសាធារណៈរបស់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ បានបញ្ជាក់ថា ដ្រូន MQ-9 Reaper នោះ ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស ដែលទើបតែដាក់ពង្រាយថ្មី ក្រោមការបញ្ជាពីកងពលអវកាស នៃកងកម្លាំងរបស់ខ្លួន ។
MQ-9 Reaper គឺជាយន្តហោះដ្រូនខ្នាតយក្សដែលមានសមត្ថភាពទាំងស៊ើបការណ៍ និងវាយប្រហារចំគោលដៅជាក់លាក់ ។ វាជាប្រភេទយន្តហោះដ្រូនបញ្ជាពីចម្ងាយ និងមានតម្លៃពី ៥០ ទៅ ៦០ លានដុល្លារក្នុងមួយគ្រឿង ។
MQ-9 Reaper មានទម្ងន់ជាង ៤,៧០០ គីឡូក្រាម ប៉ុន្តែអាចហោះហើរក្នុងល្បឿន ៤៨០ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានរយៈពេលរហូតដល់ទៅ ២៧ ម៉ោងឯណោះ ជាពិសេសវាអាចពាំគ្រាប់មីស៊ីលរុលចូលក្នុងដីប្រភទ GBU-12 និង GBU-38 រួមទាំងគ្រាប់មីស៊ីល Hellfire ផងដែរ ។
យោងតាម ABC NEWS, មន្រ្តីអាមេរិកបានអះអាងថា អ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់សហរដ្ឋអាមេរិកអស់ចំនួន ៣០គ្រឿងហើយ ចាប់តាំងពីផ្ទុះសង្គ្រាមរហូតមកទល់ពេលនេះ ៕

ប្រភព ៖ Anadolu និង ABC NEWS ប្រែសម្រួល ៖ ឈឹម ទីណា