ក្រុមហ៊ុនធានារ៉ាប់រងឈានមុខរបស់ចិន Ping An គ្រោងចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា
កម្ពុជា កំពុងបន្តទាក់ទាញទំនុកចិត្តពីដៃគូអន្តរជាតិធំៗ លើវិស័យទេសចរណ៍ បន្ទាប់ពីរាជរដ្ឋាភិបាលបានពង្រឹងវិធានការបង្ក្រាបបទល្មើសអនឡាញ Online Scam យ៉ាងម៉ឺងម៉ាត់ និងដាក់ចេញគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិន។ ជាក់ស្តែង ក្រុមហ៊ុនធានារ៉ាប់រងយក្សរបស់ចិន Ping An បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់កម្ពុជា និងប្តេជ្ញាសហការជាមួយក្រសួងទេសចរណ៍ ដើម្បីលើកកម្ពស់សុវត្ថិភាព និងទំនុកចិត្តរបស់ភ្ញៀវទេសចរចិន និងអន្តរជាតិ។
ក្នុងឱកាសអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារកាលរសៀលថ្ងៃទី១៥ ខែកក្កដា ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន Ping An Property & Casualty Insurance Company of China ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅប្រទេសចិន និងលើពិភពលោក ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភាគីចិនអំពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា និងវិធានការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់បញ្ហាឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលបានរួមចំណែកបង្កើនសុវត្ថិភាព សណ្តាប់ធ្នាប់ និងទំនុកចិត្តរបស់ភ្ញៀវទេសចរ និងវិនិយោគិនបរទេស។ ឯកឧត្តមក៏បានលើកឡើងពីគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិន ដែលនឹងជួយសម្រួលការធ្វើដំណើរ និងជំរុញលំហូរភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើន។
ជាការឆ្លើយតប លោក Shi Hequn នាយកប្រតិបត្តិក្រុមហ៊ុន Ping An បានសម្តែងការគាំទ្រចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងក្នុងការធានាបរិយាកាសទេសចរណ៍ប្រកបដោយសុវត្ថិភាព។ ភាគីទាំងពីរបានឯកភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយៈការដាក់ចេញផែនការនិយោគលើប្រព័ន្ធធានាសុវត្ថិភាពភ្ញៀវទេសចរ ពិសេសការពង្រឹងប្រព័ន្ធធានារ៉ាប់រងរួមគ្នា កម្ពុជា-ចិន សម្រាប់ភ្ញៀវទេសចរចិន និងភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Ping An នឹងធ្វើការសិក្សាពីលទ្ធភាពវិនិយោគបង្កើតខ្សែទស្សនកិច្ចទេសចរណ៍លំដាប់ខ្ពស់ (Exclusive Luxury Tour) ដើម្បីបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ និងវិនិយោគិនចិនលំដាប់ខ្ពស់ ដែលមានបំណងធ្វើទស្សនកិច្ចទេសចរណ៍ និងស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា។ ដើម្បីអនុវត្តផែនការសកម្មភាពនេះឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ភាគីទាំងពីរបានចាត់តាំងមន្រ្តីបង្គោលទៅវិញទៅមក ដើម្បីរៀបចំការងារលម្អិត និងការត្រៀមសិក្សាស្វែងយល់ជាក់ស្តែងនៅកម្ពុជា។
គួរបញ្ជាក់ថា ក្រុមហ៊ុនចិន Ping An Property & Casualty Insurance Company of China ជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេលើពិភពលោកលើផែ្នកទ្រព្យសកម្ម ហើយក៏ជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេលើពិភពលោកលើផ្នែកប្រាក់ចំណូល ដែលមានអតិថិជនទូទៅសរុបប្រមាណ ២៥១លាននាក់ និងអតិថិជនជាក្រុមហ៊ុន ជាង ៤លានក្រុមហ៊ុន៕






ដោយ ជាវ ចន្ធូ