សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន អាចចប់ មុនលោក ត្រាំ អស់អាណត្តិ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump រំពឹងថា ភ្លើងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលឆាបឆេះអូសបន្លាយពេលជាង ៤ ឆ្នាំកន្លងមកនេះ នឹងត្រូវរលត់ទៅវិញ មុនពេលអាណត្តិប្រធានាធិបតីរបស់លោកត្រូវបានបិទបញ្ចប់ ។
បើតាម Sputnik, អាណត្តិប្រធានាធិបតីរបស់លោក ត្រាំ នឹងត្រូវអស់នៅត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៩ ។
ថ្លែងប្រាប់ Fox News កាលពីថ្ងៃពុធ, លោក ត្រាំ លើកឡើងថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព ហើយសង្គ្រាមមួយនេះនឹងអាចនឹងចប់មុនលោកអស់អាណត្តិ ។
កន្លងមក រដ្ឋបាលរបស់លោក Donald Trump ធ្លាប់បានលើកឡើងថា ខ្លួនកំពុងរៀបចំបង្កើតផែនការមួយ ដើម្បីដោះស្រាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែបានគូសបញ្ជាក់ថា ខ្លួននឹងមិនពិភាក្សាអំពីព័ត៌មានលម្អិតណាមួយឡើយ ខណៈពេលដែលការងារនេះ កំពុងស្ថិតក្នុងដំណើរការនៅឡើយ ។
ចំណែកភាគីរុស្ស៊ីវិញ បានបង្ហាញជំហរត្រៀមខ្លួនជាស្រេចជាច្រើនលើកច្រើនសារ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីដូចគ្នា ចំពោះជម្លោះនៅអ៊ុយក្រែន រហូតដល់ថ្នាក់មានការពិភាក្សាអំពីផែនការសន្តិភាព ដែលស្នើឡើងដោយសហរដ្ឋអាមេរិក ជាមួយមន្ត្រីអ៊ុយក្រែនថែមទៀតផង ។
យ៉ាងណាមិញ ក្តីសង្ឃឹមក្នុងការដោះស្រាយជម្លោះនេះ ត្រូវបានរាំងស្ទះ ដោយសារតែអ៊ុយក្រែនគ្មានឆន្ទៈពិតប្រាកដ ក្នុងការចរចាជាមួយរុស្ស៊ីនោះទេ ។
ជុំវិញបញ្ហានេះ វិមានក្រឹមឡាំងអះអាងថា បាល់កំពុងស្ថិតនៅលើទីលានរបស់ភាគីអ៊ុយក្រែន ហើយយុទ្ធនាការវាយលុករបស់រុស្ស៊ី គឺមានគោលបំណងបង្ខំឱ្យអ៊ុយក្រែនចូលមកអង្គុយលើតុចរចាតែប៉ុណ្ណោះ ៕
ប្រភព ៖ Sputnik ប្រែសម្រួល ៖ ឈឹម ទីណា
